ប្រគល់​ថវិកា​ជាង​១​ម៉ឺន​ដុល្លារ​ដែល​រក បាន​ដោយ​សិល្បករ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 February, 2016 ក+ ក-

ដោយ​៖រតនា​

ភ្នំពេញ​៖​យ៉ាងហោចណាស់​មាន​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ទទួលបាន​ពី​មូលនិធិ SS Fundraiser របស់​អ្នកនាង​ សារី​ន និង​លោក​ ស៊ុ​ក សុភា រស់នៅ​ប្រទេស​អូស្ត្រាលី និង​ថវិកា​ផ្ទាល់ខ្លួន​របស់លោក សន វិ​ជ្ជ​បុត្រ​ ត្រូវបាន​ប្រគល់ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ការប្រគល់​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៥ ​ខែកុម្ភៈ​​ឆ្នាំ​២០១៦​នេះ​ នៅ​បរិវេណ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៤​ ខាងជើង​រមណីយដ្ឋាន​វត្តភ្នំ​។​

​លោក ផាត់ តារា​រដ្ឋ តំណាង​មូលនិធិ SS Fundraiser ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​អះអាងថា​ថវិកា​ដែល​ទទួលបាន​នេះ គឺ​បន្ទាប់ពី​អ្នកនាង​ សារី​ន​ណា និង​លោក ​ស៊ុ​ក សុភា ដែលជា​អតីត​តារា​សម្ដែង និង​ជា​ម្ចាស់​មូលនិធិ​ផ្ទាល់ បានសម្រេច​រៀបចំ​ពិធី​ប្រគំ​តន្ត្រី​ចំនួន​២​លើក​នៅលើ​ទឹកដី​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​៥ ខែធ្នូ និង​លើក​ទី​២​នៅ​ថ្ងៃទី​២៦ ខែធ្នូ ក្នុង​ឆ្នាំ​២០១៥ តាមរយៈ​ការអញ្ជើញ​តារាចម្រៀង​ចំនួន​៤​នាក់​ពី​កម្ពុជា ទៅ​ច្រៀង​រាំ​ស្វែងរក​ថវិកា​នៅក្នុង​ប្រទេស​អូស្ត្រាលី​។​លោក​បន្តថា​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​អាមេរិក​នេះ មួយ​ភាគ​សល់​ពី​ការប្រគំ​តន្ត្រី និង​មួយ​ភាគ​ទៀត គឺជា​ការបរិច្ចាគ​រប​ស់បង​ប្អូន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី តាមរយៈ អ្នកនាង​សារី​ន​ណា និង​លោក​ស៊ុ​ក សុភា ដើម្បី​ឲ្យ​គ្រប់​ចំនួន​១​ម៉ឺន​ដុល្លារ​អាមេរិក​តាម​ការគ្រោង​ទុក​។

​លោក​លើកឡើង​ដែរ​ថា​យ៉ាងណាក៏ដោយ នេះ​មិនមែនជា​ទីបញ្ចប់​នៃ​ការរួមចំណែក​នោះទេ ដ្បិត​បន្ទាប់ពី​ការផ្ដល់​ជំនួយ​នេះ​ទៅ អ្នកនាង​សារី​ន​ណា និង​លោក​ស៊ុ​ក សុភា បានសម្រេច​ធ្វើការ​ប្រគំ​តន្ត្រី​បែប​សប្បុរសធម៌​យ៉ាងហោច​មួយដង ទៅ​២​ដង តាមរយៈ​ការធានា​តារាចម្រៀង តារា​សម្ដែង​ពី​ស្រុក​ខ្មែរ​ទៅធ្វើ​សកម្មភាព​ច្រៀង​រាំ​រ៉ៃអង្គាសប្រាក់​បែបនេះ ដើម្បី​បន្ត​ស្វែងរក​កញ្ចប់​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា និង ទុរគតជន​ជាច្រើន​ផ្សេងទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។ ពេលកន្លងមក មូលនិធិ SS Fundraiser របស់​អ្នកនាង​សារី​ន​ណា និង​លោក​ស៊ុ​ក សុភា បានរួម​ចំណែក​ក្នុងការ​ងា​រង​សប្បុរសធម៌​បែបនេះ​នៅ​កម្ពុជា​ច្រើនលើក​មកហើយ ដូចជា​ជួយ​សង់​ទីជម្រក​ដល់​ចាស់ជរា ទីទ័លក្រ ជួយ​ជីក​អណ្ដូងទឹក​ស្អាត​ដល់​សហ​គម​ក្រីក្រ ជួយ​សង់​បង្គន់​អនាម័យ និង​ជួយ​សង់​សាលារៀន​បាន​មួយ​ខ្នង​ជូន​ដល់​សហគម​សិស្ស​នៅ​ខេត្តបាត់ដំបង​។ ដោយឡែក​ចំពោះ​សកម្មភាព​រ៉ៃ​អង្គាស​ថវិកា​តាមរយៈ Page SS Fundraiser ជួយ​ដល់​តារា​សិល្បៈ​ចាស់ៗ និង​ទុរគតជន​ផ្សេងៗ ក៏បាន​ច្រើន​ផងដែរ ដោយ​គ្មាន​ការរើសអើង ឬ​ប្រកាន់​និន្នាការ​និ​យោ​បាយឡើយ​។
​ ​
​ជាមួយគ្នានេះដែរ តារាចម្រៀង​ប្រចាំ​ផលិតកម្ម​អឹម​(M)​លោក សន វិ​ជ្ជ​បុត្រ ក៏បាន​ប្រគល់​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​១​ពាល់​ដុល្លារ​សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ​។ លោក​បញ្ជាក់ថា ថវិកា​នេះ​បាន​ពី​ការ​ច្រៀង​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី​កាលពី​ថ្មីៗ​កន្លងមក​នេះដែ​លោក​សន្យាថា​នឹង​យក​ថវិកា​ទាំង​អស់ពី​ការ​ច្រៀង​ដើម្បី​ជា​អំណោយ​សប្បុរសធម៌​ជូន​មន្ទីរពេទ្យ​នេះ​។ លោក​បន្តទៀតថា​លោក​មិនមាន​ថវិកា​ជា​ដុំ​កំ​ភូ​ន​សម្រាប់​ជួយ​សង្គម​មែន​ប៉ុន្តែ​វា​កើតចេញពី​ទឹកចិត្ត​អាណិត​ស្រលាញ់​របស់លោក​ចំពោះ​ក្មេងៗ​ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់​។​លោក​បន្តថា នៅ​ដើមខែ​មិនា​ខាងមុខនេះ​លោក​និង​តារាចម្រៀង​ពីររូប​ផ្សេងទៀត​នឹង​ចេញដំណើរ​ទៅកាន់​ប្រទេស​អូស្ត្រាលី​ដើម្បី​ច្រៀង​រាំ​រកលុយ​ជួយ​ដល​មន្ទីរពេទ្យ​ខាងលើ និង​សមកម្ម​ភាព​សប្បុរសធម៌​មួយចំនួនទៀត​ផងដែរ​។

​តំណាង​មន្ទីរពេទ្យ​គន្ធបុប្ផា ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ម្ចាស់​មូ​និ​ធិ សប្បុរសជណ ក៏ដូចជា​សិល្បករ​សិល្បការិនី​ដែល​ចំណាយ​ពេលវេលា ថវិកា កម្លាំងកាយ​ចិត្ត មិន​គិតពី​ការនឿយហត់​ជួយ​ដល់​កិច្ចការ​សង្គម​ពិសេស​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែល​ប្រឈម​នឹង​ការខ្វះខាត​។

ក្រៅពី​កោតសរសើរ​ដល់​សិល្បករ តំណាង​មន្ទីរពេទ្យ​ក៏​បង្ហាញ​ពី​ក្តីរំភើប​ចំពោះ​ទឹកចិត្ត​ដ៏សប្បុរស ក្តី​អាណិត​ស្រលាញ់​របស់​សប្បុរសជន​នានា​ពិសេស​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បានបង្ហាញ​ពីការ​ផុសផុលក្នុងសកម្មភាព​​មនុស្សធម៌ជួយ​ដល់​មន្ទីរពេទ្យ​៕

3acca4acca1acca2acca