ដោយ៖សុភ័ណ្ឌ
ខេត្តក្រចេះ ៖ឃាតករមិនស្គាល់អត្តសញ្ញាណបានប្រើហិង្សាកាប់ទៅលើជនរងគ្រោះពីរនាក់ដែលជាសាមីខ្លួនកូនកំលោះ និងកូនក្រមុំ ខណៈអ្នកទាំងពីរនាំគ្នាទៅងូតទឹកអណ្តូងនៅក្រៅភូមិបន្ទាប់ពីពិធីអាពាហ៍ពិពាហ៍បានបញ្ចប់។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ វេលាម៉ោង ២៣:២០នាទី នៅចំណុចភូមិមាក់កណ្តាល ឃុំស្រែចារ ស្រុកស្នួល មានករណីឃាតកម្មមួយបានកើតឡើង បណ្តាលឱ្យស្លាប់កូនក្រមុំស្លាប់ និងបុរសកូនកំលោះរងរបួសធ្ងន់។
ប្រភពពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រែចារ បានអោយដឹងថា ជនរងគ្រោះទី១ ឈ្មោះ ម៉ុន ស្រីញឹប ភេទស្រី អាយុ ១៨ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ បានស្លាប់នៅកន្លែងកើតហេតុ (ជាកូនក្រមុំ) , ទី២ឈ្មោះ ឡើក ឡើត ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា បានរងរបួសធ្ងន់ បញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកស្នួល (ជាកូនកម្លោះ)។
ប្រភពបន្តថា ពេលកើតហេតុគឺជាថ្ងៃចូលរោងការរបស់ជនរងគ្រោះទាំងពីរនាក់ ។លុះល្ងាចឡើងកម្មវិធីចូលរោងការបានបញ្ចប់ ហើយកូនក្រមុំ និងកូនកម្លោះទាំងពីរនាក់បានបណ្តើរគ្នាទៅងូតទឹកអណ្តូងនៅឯវាលស្រែ ស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណចេញមុខធ្វើសកម្មភាពដោយកាប់ជនរងគ្រោះទាំងពីរនាក់ខាងលើបណ្តាលឲ្យស្លាបើ និងរបួសតែម្តង ។
លោកវរសេនីយ៍ទោ ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានបញ្ជាក់អោយដឹងថា សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែសមត្ថកិច្ចនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវ និងបន្តស្វែងរកចាប់ខ្លួនជនដៃដល់ដើម្បីនាំមកផ្តន្ទាទោសតាមច្បាប់៕