ដោយ៖ស សាម
ភ្នំពេញ៖កម្លាំងនគរបាលក្នុងខណ្ឌឫស្សីកែវសម្រេចចាប់ខ្លួនមុខសញ្ញាម្នាក់ក្រោយពីធ្វើសកម្មភាពលួចដោយកាច់កសោរម៉ូតូដែលចតនៅមុខផ្ទះហើយបម្រុងអូសចេញក៍ត្រូវម្ចាស់ម៉ូតូស្រែកឆោរឡោរ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចដែលកំពុងល្បាតយាមកាមនៅក្បែរនោះដេញចាប់ខ្លួនបានភ្លាមៗតែម្ដង ។
ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោងប្រមាណជា០២និង៣០នាទីរសៀលថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ ២០១៦នៅចំណុចផ្ទះជួល ផ្លូវខាងសារិន ក្រុមទី១៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
នាយប៉ុស្ដិ៍ឫស្សីកែវលោក តូច គឹមសុង បានឲ្យដឹងថា ជនត្រូវចាប់ខ្លួនឈ្មោះ ផាម ស៊ុនវិន ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិវៀតណាម មានមុខរបរនិងស្នាក់នៅមិនពិត ប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះទូច ស្រីពៅ អាយុ២៩ឆ្នាំ មានមុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៧៧Hផ្លូវឡអិដ្ឋ ក្រុមទី១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ និងជាម្ចាស់ម៉ូតូម៉ាកC១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ១-AY៧៨៣០ ។លោក តូច គឹមសុង នាយប៉ុស្ដិ៍ឫស្សីកែវ បានឲ្យដឹងទៀតថា ខណៈជនរងគ្រោះចត ដាក់ម៉ូតូនៅខាងមុខផ្ទះរបស់ខ្លួន
ដោយចាក់សោរកត្រឹមត្រូវ មួយសន្ទុះក៍លេចមុខជនសង្ស័យមកធ្វើសកម្មភាពកាច់សោរម៉ូតូ ហើយត្រៀមអូសចេញ ក៍ត្រូវជនរងគ្រោះឃើញនិងស្រែកថាចោរ ៗមានការផ្អើលឆោឡោឮដល់ប្រជាពលរដ្ឋ ជាពិសេសកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ឫស្សីកែវនិងប្រជាការពារសង្កាត់ឫស្សីកែវចេញមកអន្តរាគមន៍ចាប់ខ្លួនជនខាងលើនេះបានភ្លាមៗដើម្បីយកមកធ្វើការសាកសួរ ។
លោកនាយប៉ុស្ដិ៍ឫស្សីកែវបានបន្តថា ក្រោយសាកសួរជនសង្ស័យរូបនោះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចដោយកាច់សោរកម៉ូតូពិតប្រាកដមែន ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ជនត្រូវជាប់សង្ស័យអំពើរចោរកម្ម”លួចម៉ូតូ”ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ឫស្សីកែវបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននិងសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ព្រមទាំងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកដែលនៅសេសសល់ ៕