ដោយ៖ ព សំអាត
ខេត្តកំពង់ឆ្នាំង៖ គ្រោះអគ្គិភ័យ បានកើតឡើងក្នុងស្ថានីយ៍ប្រេងឥន្ធនៈមួយ ក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ប៉ុន្តែភ្លើងបានរលត់ទៅវិញ ដោយសារមានការអន្តរាគមន៍ ។
ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានរថយន្តស៊ីតែនដឹកប្រេង ចូលមកផ្ទេរប្រេងចូលស៊ីទែនក្នុងស្ថានីយ៍ ពេល នោះក៍មានអណ្តាតភ្លើងឆាបឆេះបង្កអោយមានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់តែម្តង ។
លោក លុយ ឌីណា នាយការិយាល័យអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា អគ្គិភ័យនេះមិនបានឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាង និងខូចខាតទ្រព្យសម្បត្តិធំដុំនោះឡើយ ដោយខាងស្ថានីយ៍មានបំពង់ពន្លត់អគ្គិភ័យសង្គ្រោះបឋម និងបំពង់ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបាញ់អស់ចំនួន១០បំពង់ និងមានការអន្តរាគមន៍ដោយមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចេញជួយបាញ់ពន្លត់ទាន់ពេលវេលាអស់ចំនួន០២រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន និងធ្វើអោយអំណាចនៃអណ្តាតភ្លើងរលត់ ទាំងស្រុង។
ដើមហេតុនៃអគ្គិភ័យខាងលើនេះ លោក លុយ ឌីណា បានបញ្ជាក់ថា ដោយរថយន្តដឹកស៊ីទែន ប្រេង ក្នុងនោះមានពីរផ្នែកខុសគ្នាដោយក្នុងនោះ មានទុយោប្រេងសាំង និងទុយោប្រេងម៉ាស៊ូត ពេលផ្ទេរសាំងចេញពីស៊ីទែនរួចទាញទុយោទុកវិញស្រាប់តែមានអណ្តាតភ្លើងឆាបឆេះតែម្តង ។
ករណីនេះមិនទាន់អាចសន្និដ្ឋានថាបណ្តាលមកពីអ្វីនៅឡើយទេ ដោយទី១ អាចបណ្តាលមកពីភ្លើងចង្ក្រានដែលនៅក្បែរនោះដោយហេតុថាចំហាយប្រេងក្នុងចំងាយ២៥ម៉ែត្របួនជ្រុងក៍អាចបណ្តាលអោយឆាបឆេះដែរ ឬអាចមកពីឆ្លងចរន្តអគ្គិសនី ពីកង្ហារ ឬឧបករណ៍បូមប្រេង ឬបណ្តាលមករថយន្ត ៕