អ្នក​ប្រើ​គ្រឿងញៀន​ក្នុងប្រទេស​អូស្ដ្រាលី​កើនឡើង​៣​ដង​អំឡុងពេល​៥​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 February, 2016 ក+ ក-

​អូស្ត្រាលី​៖​ចំនួន​ពលរដ្ឋ​អូស្ដ្រាលី​ដែល​កំពុង​ប្រើប្រាស់​គ្រឿងញៀន​មេ​តាំ​ហ្វេ​តា​មីន​ខុសច្បាប់​បាន​កើនឡើង​៣​ដង​ក្នុងអំឡុងពេល​៥​ឆ្នាំ​កន្លងមកនេះ​។ នេះ​បើ​យោងតាម​ការប៉ាន់ប្រមាណ​របស់​មជ្ឈមណ្ឌល​ជាតិ​អូស្ដ្រាលី​ស្រាវជ្រាវ​ជាតិ​សុរា និង​គ្រឿងញៀន​។​
​ការសិក្សា​នេះ​ដែល​ត្រូវគេ​បោះពុម្ពផ្សាយ​ក្នុង​ទស្សនាវដ្ដី​វេជ្ជសាស្ដ្រ (Medical Journal) នៅក្នុង​​ប្រទេស​អូស្ដ្រាលី​បង្ហាញថា មាន​អ្នកប្រើប្រាស់​ថ្នាំញៀន​នេះ​ទៀងទាត់​ប្រមាណ​២​សែន​៦​ម៉ឺន​៨​ពាន់​នាក់​។ លោកស្រី​បណ្ឌិត Sarah Larney និយាយថា កាលពីពេល​៥​ឆ្នាំមុន​ចំនួន​អ្នក​ប្រើ​គ្រឿងញៀន​ទឹកកក​នេះ​គឺមាន​ប្រហែលជា​៩​ម៉ឺន​នាក់​ប៉ុណ្ណោះ​។​
​លោកស្រី Sarah Larney និយាយទៀតថា លទ្ធផល​នៃ​ការស្រាវជ្រាវ​ដែល​បានធ្វើ​ឲ្យ​គេ​មានការ​ភ្ញាក់ផ្អើល​នោះ​គឺ​យុវជន​អ្នក​ប្រើ​ក្នុង​ចន្លោះ​អាយុ​ពី​១៥​ទៅ​២៤​ឆ្នាំ​បាន​កើនឡើង​ជាង​ទ្វេដង​ពី​អ្នក​ប្រើ​គ្រឿងញៀន​ប្រចាំ​ប្រហែល​២​ម៉ឺន​១​ពាន់​នាក់​កាលពី​៥​ឆ្នាំមុន​មក​៥​ម៉ឺន​៩​ពាន់​នាក់​នៅពេល​ឥឡូវនេះ​។​
​គួរ​បញ្ជាក់ថា កាលពី​ពាក់កណ្ដាល​ខែកុម្ភៈ​ឆ្នាំ​២០១៦​នេះ​ប៉ូលិស​សហព័ន្ធ​អូស្ដ្រាលី​រឹបអូស​បាន​គ្រឿងញៀន​ទឹកកក​ដែល​គេ​លួច​នាំចូល​យ៉ាងច្រើន​បំផុត​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​ប្រទេស​អូស្ដ្រាលី​ក្នុងតម្លៃ​ជាង​១​ពាន់​២​រយ​លាន​ដុល្លារ​អូស្ដ្រាលី​៕

389760-3x2-700x467