ដោយ៖រតនា
ភ្នំពេញ ៖ ប្រភពទម្លាយចេញពីស្រុកកំណើតនាជើងភ្នំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានលើកឡើងថា តារាកំប្លែងស្រី ប្រចាំក្រុមពែកមី អ្នកស្រី សេន ចិន្តា ហៅ អ៊ីត បានសម្រេចចិត្តលែងប្តីកម្សត់កម្រជាគ្រូបង្រៀននោះបាត់ទៅហើយក្រោយពីរួមរស់ជាមួយគ្នាជាង១០ឆ្នាំ។
អ្នកភូមិត្រាចកុះ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានលើកឡើងថា តារាស្រីរូបនេះបានសម្រេចចិត្តលែងលះស្វាមីដែលមានបុខរបរជាគ្រួបង្រៀនហើយក្រោយពីលេចចេញរឿងរ៉ាវទំនាស់ក្នុងគ្រួសារជាច្រើនខែកន្លងមកហើយនោះ។ អ្នកជិតខាងនាងលើកឡើងថា រឿងរ៉ាវដែលនាំឲ្យគ្រួសារនាងឈានដល់ថ្ងៃបែកបាក់នេះនៅក្រោយពេលនាងបានដាក់លក្ខខណ្ឌឲ្យស្វាមីបញ្ចប់ការដើរហើរយប់ព្រលប់ច្រើនគ្រាដែលនាងមិននៅផ្ទះ ដែលធ្វើឲ្យស្វាមីនាងមិនសប្បាយចិត្ត និងបង្កើតបានជាភាពតានតឹងក្នុងគ្រួសារឈានដល់ការលែងលះបញ្ចប់ជីវិតជាប្តីប្រពន្ធ។
តារាកំប្លែងស្រីសំបូរវោហាររូបនេះសុំមិនបញ្ជាក់ជុំវិញជម្លោះក្នុងគ្រួសារ ហើយនាងនឹងបកស្រាយបញ្ជាក់ជាថ្មីនៅពេលក្រោយ។ នាងចង់ឲ្យពេលវេលាជាអ្នកកំណត់ទៅចុះថារឿងនេះវានឹងទៅជាយ៉ាងណា។
ប្រភពពីអ្នកភូមិបានលើកឡើងថា ពេលនេះកូនស្រីតែមួយវ័យ១៣ឆ្នាំនោះបាននឹងកំពុងរស់នៅជាមួយជីដូនជីតា ដែលជាម្តាយឪពុករបស់នាងអ៊ីត ហើយស្វាមីនាងក៏ចេញទៅនៅផ្ទះផ្សេងផងដែរ។
គេមិនទាន់ដឹងលម្អិតនៅឡើយទេថាតើទ្រព្យសម្បត្តិអ្វីខ្លះដែលស្វាមី និងនាងទទួលបានក្រោយពេលលែងលះ។ប៉ុន្តែក្រោយពេលលែងលះនាងអ៊ីត ហាក់ហ៊ឺហាជាមុនជាមួយនឹងរថយន្តទំនើប និងសម្រស់កាន់តែស្រស់ស្អាតជាមុនច្រើន៕