លោក ឆា​វ៉ា​លី​ត យ៉ុង​ឆៃ​យុទ្ធ​៖​ក្រុម​ISIS​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ភាគខាងត្បូង​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2016 ក+ ក-

​បាងកក​៖​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ឆា​វ៉ា​លី​ត យ៉ុង​ឆៃ​យុទ្ធ​បាន​អះអាងថា ក្រុម​ឧទ្ទាម​ដែលមាន​ឈ្មោះថា «​ក្ងាន​ខ្មៅ ឬ Black Swan» ដែល​លោក​ជឿថា ជា​ដៃជើង ឬ​សម្ព័ន្ធមិត្ត​របស់​ក្រុម ISIS បាន​នឹង​កំពុង​សំងំ​ខ្លួន​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​កាសែត​បាងកក​ប៉ុស្ដិ៍​។​
​លោក​ឧ​ត្ត​ម​សេនីយ៍ យ៉ុង​ឆៃ​យុទ្ធ បាន​និយាយថា រូបលោក​កំពុង​តែមាន​ចម្ងល់​យ៉ាងខ្លាំង​ថា តើ​រដ្ឋាភិបាល​ថៃ មាន​ដឹង​ពី​វត្តមាន​របស់​ក្រុម​ឧទ្ទាម​មួយ ដែលមាន​ឈ្មោះថា «​ក្ងាន​ខ្មៅ ឬ Black Swan» ដែល​កំពុង​ឈរជើង​នៅ​ភាគខាងត្បូង​ប្រទេស​ថៃ ដែរឬទេ​? ក្រុម​មួយ​នេះ ត្រូវបាន​លោក​ជឿថា ជា​ដៃជើង ឬ​សម្ព័ន្ធមិត្ត​របស់​ក្រុម ISIS ដែល​នៅពេលនេះ​កំពុង​តែមាន​ទំនាក់ទំនង​គ្នា​យ៉ាងខ្លាំង​។​
​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ ក៏បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ បើ​ការស៊ើបអង្កេត​មួយ​ទៅលើ​ក្រុម​ឧទ្ទាម​ក្ងាន​ខ្មៅ និង​បាន​ព្រមាន​ឲ្យ​មាន​កំណែទម្រង់​ទៅលើ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​ជាងគេ​នេះ​។​
​ដោយឡែក​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​ថៃ លោក Wiwat Pathomphak បាន​និយាយថា លោក​មិន​ធ្លាប់​ឮឈ្មោះ​ក្រុម​ឧទ្ទាម​ក្ងាន​ខ្មៅ ហើយក៏​ធ្លាប់​ទទួលបាន​របាយការណ៍​ពី​ក្រុម​ស៊ើបការណ៍​សម្ងាត់​ទាក់ទង​រឿងនេះ​ផងដែរ ដូច្នេះ​លោក​សូម​ច្រានចោល​នូវ​ការលើកឡើង​របស់លោក យ៉ុង​ឆៃ​យុទ្ធ ទាំងស្រុង​៕

5393