សមត្ថកិច្ចមិនចាត់ការបណ្តឹង​របស់​ម្តាយ​ក្មេង​ដែល​អ្នក​ធំគប់​ឲ្យ​របួស​ភ្នែក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 March, 2016 ក+ ក-

ខេត្តបាត់ដំបង ៖ កុមារី​ម្នាក់​ដែល​ទើប​តែមាន​អាយុ​៤​ឆ្នាំបាន​រងរបួស​​នៅត្រង់​​ក្រោម​​ភ្នែក រហូត​ដល់​​គុម្ពត្រ​ចៀកខណៈដែល​​ក្មេង​ស្រី​រូប​នេះ​កំពុង​តែ​លេង​នៅលើ​ពំនូក​​ខ្សាច់​ស្ថិតនៅ​ភូមិ​អង់​ សង្កាត់​អូរ​ចា ក្រុង​​បាត់​ដំបង​ក៏ត្រូវ​ជន​សង្ស័យ​​ដែល​​គេ​បាន​​ស្គាល់​ថា៖ ជា​អភិបាល​រងក្រុង​​បាត់ដំបង​យក​បន្ទះក្ដារ​គប់​​ទៅលើ​​ផ្ទៃមុខ​​របស់​​នាង​​តែម្ដង បណ្តាល​ឲ្យ​មាន​ស្លាកស្នាម​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​២៦ខែកុម្ភៈ ឆ្នាំ​២០១៦មកម្ល៉េះ ប៉ុន្តែ​សំណុំ​រឿងនេះ ត្រូវ​បាន​​សមត្ថ​កិច្ច​ចូលរួម​​សម​គំនិត ជាមួយ​លោក​​អភិបាលរង​ក្រុង​មិ​ន​​ចាត់ការ​​ឡើយ។ បើទោះជា​អា​ណាព្យាបាល​ក្មេងស្រី​រង​គ្រោះបាន​​ទៅ​ដាក់​ពាក្យ​បណ្ដឹង​​នៅ​អធិការនគរបាល​ក្រុង​រួចហើយ​ក្ដី​។​

​ប្រភពព័ត៌មាន​ពី​អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ​បាន​បញ្ជាក់ថា នៅ​មុនពេល​​កើតហេតុ គឺ​កូន​​របស់​ខ្លួន​​ឈ្មោះ និល ឡូង​អី អាយុ​​៤​ឆ្នាំ បាន​ទៅលេង​​លើ​ពំនូកដី​​ខ្សាច់​ជាមួយ​​កុមារា​​ម្នាក់​ជា​កូន​ប្រុស​របស់លោក លោក ឌី ពៅ អភិបាលរង​ក្រុង​​បាត់ដំបង​តែ​ក្រោយ​មក​​ស្រាប់​តែ​​គេ​ឮ​សំឡេង​កូនស្រី​របស់គាត់​​យំ​ស្រែក​​យ៉ាងខ្លាំង ក៏បានរ​ត់​ទៅ​មើល​ឃើញ​កូនស្រី​​របស់គាត់​មាន​​ស្នាមរបួស​​ក្រោម​​ភ្នែក​ឆ្វេង មកដល់​​ត្រចៀក​​ខាងឆ្វេង​ដួល​​នៅលើ​ដី​ខ្សាច់ហើយ​បុរស​​ដែល​​ត្រូវជា​ឪពុក​​បាន​សួរ​កូន​ស្រី​ថា អ្នកណា​​វាយ​ឯង នាង​បាន​ឆ្លើយថា “​អ៊ំ ពៅ ប៉ា​អា​​តាក់ បាន​យក​​បន្ទះក្ដារ​គប់​ទៅ​លើ​ផ្ទៃមុខ​។

គាត់​ក៏​សួរ​កូន​គាត់​ថា មានរឿង​អីកូនស្រី​ឆ្លើយ​ទាំង​យំ​ថា អត់​ដឹងអី​ទេគឺ​គ្មាន​រឿង​អ្វី​ទាំងអស់ បន្ទាប់មកគាត់​​បាន​ដឹក​កូន​​ទៅ​មន្ទីរ​ពេទ្យ​ឯកជន ហួត សុ​គុណ តែម្ដងដើម្បី​ព្យាបាល​ព្រម​ទាំង​បានដាក់​​ពាក្យ​បណ្តឹង​នៅ​អធិការដ្ឋាន​​ផងដែរ ដើម្បី​ឲ្យ​ជួយ​​រក​​យុត្តិធម៌​៕

IMG-20160301-WA0017