ភ្នំពេញ ៖ ជនជាតិវៀតណាមចំនួន ១៨នាក់ ក្នុងនេាះស្រី០២នាក់ នៅព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០១៦នេះ ត្រូវបានសមត្ថកិច្ច នៃនាយកដ្ឋានអន្តោប្រវេសន៍ធ្វើការបណ្តេញចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសដើមរបស់ខ្លួនវិញ តាមច្រកក្អមសំណរ ។ ការបណ្តេញជនជាតិវៀតណាមនៅពេលនេះធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រីស្រេង សុខា អនុប្រធាននាយកដ្ឋានសើុបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រព្រឹត្តិទៅនៅទីតាំងអគ្គនាយកដ្ឋានអន្តោប្រវេស៍ ទល់មុខព្រលានយន្តហេាះភ្នំពេញអន្តរជាតិ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ត្រី ស្រេង សុខា តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានមានប្រសាសន៍អោយដឹងថា ជនជាតិវៀតណាម ទាំង ១៨នាក់ ដែលសមត្ថកិច្ចយើងធ្វើការបណ្តេញចេញនៅពេលនេះ គឺ សមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តបាត់ដំបង កាលពីពេលកន្លងទៅ បន្ទាប់ពីពួកគេចូលមករស់នៅដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវតាមច្បាប់អន្តោវប្រវេសន៍របស់ប្រទេសកម្ពុជា ។
ក្នុងឱកាសខាងលើ លោកឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍បន្តថា ជនជាតិវៀតណាមដែលចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ គឺភាគច្រើនពួកគេចូលមកតាមច្រកព្រំុដែនតូចៗ ដោយពួកគេបានសូកប៉ាន់លុយទៅអោយមន្ត្រីប្រចាំការនៅគោលដៅនេាះបន្តិចបន្តួច រួចធ្វើដំណើរដោយជិះម៉ូតូឌុបចូលទៅរស់នៅតាមបណ្តាខេត្តនានា ជាពិសេសក្នុងរាជធានីភ្នំពេញ ដោយមិនមានច្បាប់ទម្លាប់ត្រឹមត្រូវអ្វីទាំងអស់ ទាំងច្បាប់រស់នៅក្នុងស្រុកខ្មែរ និងច្បាប់អនុញ្ញាតិការងារ ។
លោក ស្រេង សុខា បានមានប្រសាសន៍អំពាវនាវដល់បងប្អូនជាជនបរទេសទាំងអស់មិនថាជាជនជាតិវៀតណាម ឬជនជាតិសាសន៍ឡើយ គឺមុនពេលបងប្អូនចូលមករស់នៅក្នុងកម្ពុជា សូមមេត្តាបំពេញបែបបទអោយបានត្រឹមត្រូវតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ជៀសវៀងការលបលួចចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ បំពាននឹងច្បាប់របស់ប្រទេសដើម ដែលជាម្ចាស់ ។ ក្នុងនេាះលោកបានបញ្ជាក់ថា កម្ពុជា និងវៀតណាម គឺជាប្រទេសដែលមានមិត្តភាពល្អ និងរក្សាទំនាក់បានទំនាក់ទំនងនយោបាយរាប់អានស្រលាញ់គ្នាជាបងប្អូនដដែល ។ ហើយកម្ពុជាក៏មិនមានចេតនាបណ្តេញបងប្អូនចេញដែរ តែសំុអោយបងប្អូនត្រូវបំពេញឯកសារអោយបានគ្រប់គ្រាន់សិនមុនពេលចូលមករស់នៅ ។
សូមបញ្ជាក់ថា គិតចាប់ពីដើមខែមករា ឆ្នាំ២០១៦ មកទល់ដើមខែមិនា ឆ្នាំ២០១៦ ដដែលនេះ នាយកដ្ឋានសើុបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិបរទេសចេញពីកម្ពុជាចំនួន ៥០២នាក់ ស្មើរនឹង៥២សញ្ជាត្តិ ស្រី១១២នាក់ ក្នុងនេាះវៀតណាមមានចំនួន៥៦៩នាក់ ស្រី៤៣៩នាក់ ៕