ដោយ៖ខេមរា
ភ្នំពេញ៖តាំងពីយប់ថ្ងៃទី២៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី ១ ខែមីនា ឆ្នាំ២០១៦ បណ្ដាញហ្វេសប៊ុក និងសារព័ត៌មានក្នុងស្រុក បានចុះផ្សាយព្រោងព្រាត ពិសេសវិទ្យុ អេប៊ីស៊ី បានផ្សាយបន្តផ្ទាល់ពេញមួយព្រឹកទាក់ទងទៅនឹងរឿងទំនាក់ទំនងស្នេហារវាងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ជាមួយនារីវ័យក្មេងម្នាក់អាយុស្របាលនឹងចៅរបស់លោកដែលអះអាងជាសាធារណៈថាជាស្រីកំណាន់របស់លោក។ មកដល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបពីលោក កឹម សុខា ថាយ៉ាងណានៅឡើយទេ។
ទោះជាមានការលើកឡើង រួមនឹងការដកស្រង់សំដីពីបណ្តាញហ្វេសប៊ុកក្នុងការសន្ទនាតាមទូរស័ព្ទរវាងលោក កឹម សុខា និងនារីម្នាក់នោះ ត្រូវបានគេគិតថា តើជាការពិត ឬជាការប្រឌិត ព្រោះថា អាថ៌កំបាំងទាំងឡាយបើអ្នកក្នុងសម្ព័នភាពមិនទម្លាយចេញទេនោះ គឺគ្មាននរណាអាចដឹងបានឡើយ។
យ៉ាងណាក៏ដោយចុះ ការប្រឌិត ឬមិនប្រឌិតក៏អាស្រ័យទៅលើការបកស្រាយដែលអាចទទួលយកបានដែរ ប៉ុន្តែទាំង លោក កឹម សុខា ខ្លួនឯង និងមន្ត្រីអ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិ មួយចំនួន រួមទាំងសាច់ញាតិរបស់លោកផង ដែលរហូតមកដល់ព្រលប់ថ្ងៃទី១ ខែមីនា នេះបានរក្សាភាពស្ងៀមស្ងាត់មិនទាន់មានការបកស្រាយបំភ្លឺ ជុំវិញការទម្លាយរឿងអាស្រូវស្នេហា ដែលត្រូវបានគេផ្សព្វផ្សាយ និងបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នោះនៅឡើយទេ។
បណ្តាញព័ត៌មានក្នុងស្រុកជាច្រើននៅថ្ងៃទី១ ខែមីនា នេះបានផ្សព្វផ្សាយថា បានព្យាយាមទាក់ទងទៅលោក កឹម សុខា2 ដែរប៉ុន្តែលោកមិនលើកទូរស័ព្ទ។ ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានបិទទូរស័ព្ទ បន្ទាប់ពីអ្នកយកព័ត៌មានសួរសំណួរពីរឿង លោក កឹម សុខា ហើយមនុស្សមួយចំនួនទៀតដូចជាអ្នកនាំពាក្យគណបក្សនេះ និងកូនស្រីរបស់ លោក កឹម សុខា ផ្ទាល់ ក៏មិនអាចទាក់ទងបានដែរ។
ក្នុងគណនេយ្យហ្វេសប៊ុករបស់នារីដែលសរសេរជាភាសាអង់គ្លេសថា ម៉ុន ស្រី (Mon Srey) បាន បង្ហោះឃ្លីបសំឡេងសន្ទនាជាមួយ លោក កឹម សុខា ដែលថតចេញពីទូរស័ព្ទ ដោយនិយាយរៀបរាប់ពីទំនាក់ទំនងស្នេហា ការសួរសុខទុក្ខ និងនិយាយអំពីការទិញសំបុត្រយន្តហោះចេញទៅក្រៅប្រទេស ជាដើម។
នៅក្នុងខ្សែអាត់សំឡេង នារីម្នាក់នោះបានព្យាយាមនិយាយបដិសេធជាមួយលោក កឹម សុខា ថា នាងមិនបានទម្លាយសារអាថ៌កំបាំងពីទំនាក់ទំនងជាមួយលោក និងបង្ហោះផ្សព្វផ្សាយនោះទេ ប៉ុន្តែជាចម្ងល់ដល់សាធារណជននោះ គឺនាងបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយវាយប្រហារទៅ លោក កឹម សុខា ថានាងបានបង្ហោះរឿងរ៉ាវពិតទាក់ទងស្នេហាជាមួយ លោក កឹម សុខា ហើយនាងកាន់តែមានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ព្រោះ លោក កឹម សុខា បានទូរស័ព្ទមកស្ដីបន្ទោសនាង និងហាមនាងមិនឲ្យនិយាយអ្វីតទៅទៀត។
បន្ទាប់ពីព័ត៌មាននេះបានកើតឡើង មានការបង្ហាញទស្សនះផ្ទុយជាច្រើន ប៉ុន្តែយ៉ាងណាក៏ដោយចុះ នារីវ័យក្មេងដែលក្លាហានក្នុងការទម្លាយព័ត៌មាននេះ ទំនងជានាងធ្លាប់បានស្គាល់ចិត្តស្គាល់ថ្លើមលោក កឹម សុខា ច្បាស់លាស់ណាស់ ហើយមិនអាចអត់ធ្មត់បាន ទើបទីបំផុតនាងត្រូវតែទម្លាយអាថ៌កំបាំងស្នេហានេះជា
សាធារណះប្រហែលជាដោយសារលោក កឹម សុខា គេចវេសមិនទទួលខុសត្រូវ។
គេនៅចាំបានថា កន្លងមកលោក កឹម សុខា ត្រូវបានស្ត្រីម្នាក់អះអាងថា ជាប្រពន្ធចុងរបស់លោកហើយបានចេញមុខឲ្យលោកទទួលខុសត្រូវចំពោះចំណងស្នេហា ប៉ុន្តែលោក កឹម សុខា បានព្យាយាមច្រើនលើកច្រើនសាក្នុងការគេចវេសពីស្ត្រីរូបនោះ ដែលមានពេលខ្លះលោកបានអនុញ្ញាតឲ្យកងអង្គរក្សប្រើហិង្សាដើម្បីទប់ស្កាត់ជំនួបជាមួយស្ត្រីរូបនោះទៀតផង ។បើដូច្នេះទេ លោក កឹម សុខា អាចចាត់ទុកថាជាតារានយោបាយជាប់ចំណាត់ថ្នាក់ខ្ពស់ក្នុងរឿអាស្រូវស្នេហាច្រើនជាងគេនៅកម្ពុជា៕