សេអ៊ូល៖កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលរយៈចម្ងាយមធ្យមបន្ថែមទៀត បើទោះបីអង្គការសហប្រជាជាតិ បានបោះឆ្នោតដើម្បីអនុម័តចេញនូវទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប្រឆាំងនឹងរដ្ឋកុម្មុយនិស្តមួយនេះកាលពីម្សិលមិញក្តី។ នេះបើតាមការផ្សាយរបស់សារព័ត៌មានចិនស៊ិនហួ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមីនា ឆ្នាំ២០១៦នេះ។
អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Moon Sang-kyun ថ្លែងថា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ នៅវេលាម៉ោង ១០ និង០០នាទីព្រឹកថ្ងៃនេះ ហើយមីស៊ីលទាំងនោះបានធ្លាក់ចូលទៅក្នុងដែនទឹកភាគខាងកើតនៃប្រទេសរបស់ខ្លួន។
ទោះបីជាបែបនេះក្តី គេនៅមិនទាន់ដឹងថា តើគ្រាប់មីស៊ីលខាងលើនេះ ជាប្រភេទអ្វីឲ្យជាក់លាក់នោះទេ ប៉ុន្តែ ក្រុមឃ្លាំមើលសកម្មភាពកូរ៉េខាងជើង ពីកូរ៉េខាងត្បូងបានអះអាងថា ពិតជាមានការបាញ់សាកល្បងដូចខាងលើនេះ ប្រាកដមែន ខណៈដែរកូរ៉េខាងត្បូងក៏កំពុងឃ្លាំមើលសកម្មភាព កូរ៉េខាងជើងយ៉ាងប្រកៀកប្រកិតបំផុត៕