ដោយ៖រតនា
ភ្នំពេញ៖ តារាចម្រៀង យេៗ ឆៃ លីដាឡែន ទើបនឹងទទួលបានឱកាសចេញទៅសម្តែងនៅលើទឹកដីនៃសហរដ្ឋអាមេរិកជាថ្មីបន្ទាប់ពីខកខានចេញទៅទីនោះអស់បួនឆ្នាំ។ វីដេអូខ្លីដែលមានរូបនាងរាំបែបស្រើបស្រាលត្រូវបានលេចចេញជាថ្មីជាមួយនឹងពាក្យរិះគន់មួយចំនួន។
ឆៃ លីដាឡែន ធ្លាប់បានធ្វើឲ្យមានការភ្ញាក់ផ្អើលនិងរលេចចេញការរិះគន់ម្តងរួចមកហើយកាលពីដើមឆ្នាំ២០១២ គ្រាដែលតារាសម្តែងសម្បូរសាច់ដើមទ្រូង រូបនេះ បានបញ្ចេញភាពសិចស៊ី ដែលប្រជាពលរដ្ឋមួយចំនួនធំគិតថាហួសដែនកំណត់ខណៈនាងសម្ដែងនៅសហរដ្ឋអាមេរិកនោះ។ ទោះបីជាក្រោយពីវិលត្រឡប់មកដល់កម្ពុជាវិញ នាងក៏បានទទួលកំហុស ជាមួយនឹងការសុំលើកលែងទោសចំពោះកំហុសអចេតនារបស់នាងជាច្រើនដងក្តីក៏មានរយៈពេលប្រមាណជិត២ឆ្នាំទើបនាងមានឱកាសជាន់ឆាកតន្ត្រីរបស់ទូរទស្សន៍ក្នុងស្រុកជាថ្មី។
គេចាំបានថា មុនពេលចាកចេញពីកម្ពុជាកាលពីដើមឆ្នាំនេះតារាចម្រៀង ឆៃ លីដាឡែន បានសន្យាថា នាងនឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់ពិសេសទាក់ទងនឹងការបង្ហាញភាពសិចស៊ីគ្រាដែលនាងចេញទៅសម្តែងប្រមាណ៣ខែនៅលើទឹកដីសម្បូរប្រាក់ដុល្លារនេះ។
ទោះជាយ៉ាងណាថ្មីៗនេះលេចចេញវីដេអូខ្លីជាមួយនឹងការរិះគន់មួយចំនួនទាក់ទិននឹងក្បាច់រាំរបស់នាងជាមួយនឹងសំលៀកបំពាក់ខើចខ្លីចេញគល់ភ្លៅដែលភាគច្រើននៃការរិះគន់ត្រូវបានអ្នកអភិរក្សប្រពៃណីខ្មែរលើកឡើងថាជាការរាំបែបមិនសមទំនងជាសិល្បករខ្មែរ និងធ្វើឲ្យប៉ះពាល់កិត្តិយសស្ត្រីខ្មែរ ក៏ដូចជាសិល្បករខ្មែរដែរ។
ឆៃលី ដាឡែនថ្លែងទាំងហួសចិត្តពីអារម្មណ៍ហួសចិត្តដោយសារនោះជារូបភាពចាស់៤ឆ្នាំមុនប៉ុណ្ណោះ។
នាងចាត់ទុកថាវីដេអូខ្លីនេះគឺកំពុងវាយប្រហារចង់ឲ្យខ្ញុំបិទអាជីពទាំងស្រុងហើយបានជាសុខៗបង្ហោះរូបនោះតាំងពី៤ឆ្នាំមុនឲ្យឆេះឡើងវិញគ្រាដែលនាងកំពុងសម្តែងនៅអាមេរិក។ នាងថាអ្នកបង្ហោះវីដេអូនេះគឺចង់ឲ្យនាងបាត់បង់អាជីពជាថ្មីស្របពេលដែលនាងព្យាយាមធ្វើការកែលម្អការច្រៀងការរាំ និងស្លៀកពាក់របស់នាងមិនឲ្យលេចចេញការរិះគន់នោះ ហើយវាអាចនឹងជះឥទ្ធិពលខ្លាំងដល់ទីផ្សារច្រៀងរបស់នាងនៅក្នុងស្រុក។ទោះជាយ៉ាងណានាងក៍រំពឹងថាទស្សនិកជនទាំងក្នុងនឹងក្រៅប្រទេសពិតជាមិនលើករឿងវែងឆ្ងាយនោះទេក្រោយការបកស្រាយរបស់នាងពេលនេះ៕