ដោយ៖ រដ្ឋ វរិន្ទ
ភ្នំពេញ៖ចម្រៀងអប់រំកុមារពីជំនាន់មុនមួយបទដែលតារាស្រីក្នុងផលិតកម្មរស្មីហង្សមាសនាង ពេជ្រ សោភា បានចម្លងយកមកប្តូរទំនុកខុសពីខ្លឹមសារដើម ត្រូវបានក្រសួងព័ត៌មានប្រកាសបិទមិនឲ្យចាក់ផ្សាយ ដោយហេតុផលថា ធ្វើឲ្យប៉ះពាល់ដល់កុមារ និងជាការលួចចម្លងស្នាដៃដែលអ្នកនិពន្ធដើមនៃបទនេះកំពុងនៅរស់រានមានជីវិត និងមានតួនាទីជាទីប្រឹក្សាក្រសួងព័ត៌មាន។
សេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងព័ត៌មានបានកំហិតឲ្យម្ចាស់ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុទាំងអស់បញ្ឈប់ការចាក់ផ្សាយចម្រៀងមួយបទមានចំណងជើងថា”ស្អាតជានិច្ច” របស់ផលិតកម្មហង្សមាស ដោយក្រសួងចាត់ទុកថា ខ្លឹមសារដែលនិពន្ធថ្មីនេះប្រាសចាកពីអត្ថន័យដើមដែលបានអប់រំបណ្តុះគំនិតប្រាជ្ញាស្មារតីឲ្យកុមារឧស្សាហ៍ព្យាយាម រស់នៅស្អាត មានអនាម័យគ្រប់ពេលវេលា គ្រប់ទីកន្លែង ។បទចម្រៀងថ្មីទាំងអត្ថន័យខឹ្លមសារ រ៉េប បង្ហាញពីអត្តចរិករបស់កុមារខ្ជិលច្រអូសម្នាក់ រៀននៅបឋមសិក្សាធ្វើពុតជាឈឺក្បាល វិលមុខ និងក្តៅខ្លួនសុំអ្នកគ្រូទៅផ្ទះគេចសាលាដើរលេង ហើយសិស្សមានអាកប្បកិរយាមិនសមរម្យលេងឈូសស្បែកជើង។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានញ្ជាក់ប្រាប់អ្នកកាសែតថា ខ្លឹមសារនៃបទចម្រៀងថ្មីនេះធ្វើឲ្យប៉ះពាល់ពាល់ស្មារតីក្មេងៗ និងផ្ទុយពីខ្លឹមសារម្ចាស់ដើមដែលជាការរំលោភសិទ្ធិ កម្មសិទ្ធិបញ្ញា ព្រោះអ្នកនិពន្ធបទ”ស្អាតជានិច្ច” កំពុងរស់រានមានជីវិតនៅឡើយហើយមានឋានៈជាទីប្រឹក្សាក្រសួងព័ត៌មាន។លោករដ្ឋមន្ត្រីបញ្ជាក់ថា បទចម្រៀងថ្មី”ជះឥទ្ធិពលមិនល្អដល់កុមារទូទៅ”។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា “បើនិយាយពីកម្មសិទ្ធិបញ្ញាក៏ខុស ហើយទីពីរតែងបទផ្សេងមិនបានទេអី ? ទុកបទហ្នឹងឲ្យក្មេងខ្លះទៅ។ ឥឡូវ ចាស់ទៅដណ្តើមបទក្មេងទៅទៀត។ អារឿងពាក់ Hip Hop យើងមិនថាទេ តែងបទឲ្យវាញាក់តាមហ្នឹង។ ក្មេងតែដល់អាយុធំ វាចេះញាក់ខ្លួនវាហើយ ប៉ុន្តែអាបទ”ស្អាតជានិច្ច”ហ្នឹងវាជាលក្ខណៈសម្គាល់មួយនៅឆ្នាំ៨០”។
អ្នកច្រៀងវ័យជ្រេក្នុងផលិតកម្មរស្មីហង្សមាសនាង ពេជ្រ សោភា បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា អ្នកនាងជាអ្នកនិពន្ធ និងបង្ហាញគំនិតនៃការសម្តែងបទចម្រៀងមួយនេះ។ នាងបន្តថា នាងមិនជំទាស់អ្វីនឹងសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាននោះទេ តែថាបទចម្រៀងនេះគ្រាន់តែចង់រំឭកពីជីវិតនៅក្មេងដើរលេងឈូសស្បែកជើងប៉ុណ្ណោះ គ្មានបំណងធ្វើប៉ះពាល់ដល់កុមារនោះទេ។ អ្នកនាងមានប្រសាសន៍ថា អ្នកនាងនឹងប្រយ័ត្នប្រយែងចំពោះ ការនិពន្ធ និងដឹកនាំសម្តែងនៅពេលក្រោយទៀត។
គួររំឭកថា នេះជាលើកទីបីហើយដែលក្រសួងព័ត៌មានបានចាត់វិធានការបិទបទចម្រៀងរបស់ផលិតកម្មក្នុងស្រុក គឺបទសឹកហួសព្រោះស្នេហា បទ ឱភ្នំពេញអើយ និងបទ ស្អាតជានិច្ច នេះ។ កន្លងមក ការលួចចម្លងស្នាដៃនិពន្ធបទចម្រៀងដោយផលិតកម្មក្នុងស្រុកមួយចំនួនបានធ្វើឡើងជាបន្តបន្ទាប់គឺចម្លងទាំងក្នុងស្រុក និងបរទេសបើទោះបីជាមានការរិះគន់ពីមហាជនយ៉ាងណាក៏ដោយ ហើយតារាល្បីៗខ្លះក៏គេឃើញលើកយកបទពីជំនាន់មុនមកច្រៀងដោយប្តូរទំនុក និងសម្រួលបន្ថែមបន្ថយសាច់ភ្លេងបន្តិចបន្តួចប៉ុណ្ណោះ ប្រយោជន៍ដើម្បីបង្កើននូវ ប្រជាប្រីយ៍ភាពរបស់ខ្លួន៕