ព្យុងយ៉ាង៖មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាននិយាយថា សព្វាវុធនុយក្លេអ៊ែររបស់ប្រទេសនេះត្រូវត្រៀមខ្លួនជាស្រេចដើម្បី ប្រើប្រាស់នៅពេលណាក៏បាន។ ការបង្កើនវោហារសាស្ត្រពាក្យសម្តីសង្គ្រាម បែបនេះរបស់កូរ៉េខាងជើងបានកើតឡើង បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័ត ដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងជាថ្មីលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង។
លោក គីម ជុង អ៊ុន ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានKCNAរបស់ កូរ៉េខាងជើងដោយនិយាយនៅថ្ងៃសុក្រនេះថា “យើងត្រូវត្រៀមខ្លួនជាស្រេចដើម្បីបាញ់អាវុធនុយក្លេអ៊ែររបស់យើង នៅពេលណាមួយ”។
កាលពី ថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់គ្រាប់រ៉ុក្កែតរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ធ្លាក់ចូលសមុទ្រ ដែលស្ថិតនៅឯនាយឆ្នេរសមុទ្រខាងកើតរបស់ខ្លួន គឺនៅប៉ុន្មានម៉ោងបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងជាថ្មីលើរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដោយសារតែការសាកល្បងនុយក្លេអ៊ែរនិងបាញ់រ៉ុក្កែតកាលពីពេលថ្មីៗនេះ៕