ដោយ ៖ អ វឹង
ភ្នំពេញ៖កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនដែលមានអង្គការចាត់តាំងពី មេខ្លោងបញ្ជាចេញពីក្នុងគុក ដោយចាប់យក ថ្នាំគ្រាប់WY ឬហៅថាមេតំហ្វេតាមីនគ្រាប់ មានចំនួន ដប់ម៉ឺន បីពាន់ ប្រាំមួយរយគ្រាប់ និងម៉ាទឹកកក ឬហៅថា មេតំហ្វេតាមីនអាយស៍ ចំនួន បីគីឡូក្រាមមួយខាំ ឃាត់ខ្លួនជនល្មើស កំពុងជួញដូរគ្រឿងញៀនជាក់ស្តែងម្នាក់ និងពាក់ព័ន្ធ05នាក់ទៀត ជាទណ្ឌិតកំពុងអនុវត្តទោសក្នុងពន្ធនាគារ។ ក្នុងនោះមានជនជាតិវៀតណាមម្នាក់និងជនជាតិស្បែកខ្មៅ02នាក់ គឺជាមេខ្លោងធំ ដែលចាត់ចែងបញ្ជា ចេញពីក្នុងគុក។
លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយមានការដឹកនាំបញ្ជាពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ កម្លាំងជំនាញមន្ទីរយុត្តិធម៌ និងកម្លាំងជំនាញការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀន បានសហការគ្នា ធ្វើការស៊ើបអង្កេតស្រាវជ្រាវអស់រយៈពេលជាច្រើនខែ ទើបកំណត់មុខសញ្ញាបាន ឈានដល់ការបង្ក្រាបជាក់ស្តែង នូវមុខសញ្ញាជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង10 និង15នាទីយប់ ថ្ងៃទី 28-02-2016 នៅចំណុចចំណតរថយន្ត ក្រុមហ៊ុនអង្គរអ៊ិចប្រេស ក្បែរគល់ស្ពានជ្រោយចង្វា ដោយចាប់យកបាន គ្រឿងញៀន ប្រភេទ ម៉ាទឹកកក ឬហៅថា មេតំហ្វេតាមីនអាយស៍ ជាងបីគីឡូក្រាម និង ថ្នាំគ្រាប់WY ឬហៅថា មេតំហ្វេតាមីនគ្រាប់ ចំនួន17សុង និងធ្វើការឃាត់ខ្លួនជនល្មើសម្នាក់ឈ្មោះ ឌី ធូរ៉ា ហៅត្រា ភេទប្រុសអាយុ32ឆ្នាំ ក្នុងពេលដែល បុរសរូបនោះកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាក់ស្តែង។
តាមចម្លើយសារភាពរបស់ជនល្មើស ដែលឃាត់ខ្លួនបានខាងលើ កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាន រកឃើញអ្នកជាប់ពាក់ព័ន្ធបាន05នាក់ ផ្សេងទៀត ដែលជាទណ្ឌិតកំពុងអនុវត្តទោស ក្នុងពន្ធនាគារ ក្នុងនោះមានជនជាតិខ្មែរ02នាក់ ជនជាតិវៀតណាម01នាក់ និងជនជាតិស្បែកខ្មៅ02នាក់។
លោក រ័ត្ន ស្រ៊ាង បានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា ជនល្មើសដែលត្រូវឃាត់ខ្លួន ឈ្មោះ ឌី ធូរ៉ា ធ្វើសកម្មភាពជួញដូរគ្រឿងញៀននេះ គឺក្រោមការចាត់ចែងបញ្ជាផ្ទាល់ ចេញពីក្នុងពន្ធនាគារ ដែលមានជនជាតិវៀតណាមម្នាក់ និងជនជាតិស្បែកខ្មៅពីរនាក់ ជាមេខ្លោងធំ រីឯជនជាតិខ្មែរពីរនាក់ទៀតដែលនៅក្នុងគុកដែរនោះ ជាអ្នកទំនាក់ទំនងជាមួយមេខ្លោងធំ បញ្ជាតមកក្រៅ ហើយឈ្មោះ ឌី ធូរ៉ា ដែលនៅខាងក្រៅ គឺចាំទទួលបញ្ជា ពីអ្នកនៅក្នុងគុក ឲ្យចាំទទួលថ្នាំញៀន ពីមនុស្សផ្សេងទៀត ដែលវាមិនស្គាល់ ក្នុងនោះមានជនជាតិខ្មែរ និងជនជាតិស្បែកខ្មៅ ដែលធ្លាប់បានប្រគល់ថ្នាំញៀនឲ្យវា ជាអ្នកយកទៅបែងចែកបន្ត នៅពេលមានបញ្ជាពីអ្នកនៅក្នុងគុកតាមរយៈទូរស័ព្ទ ថាត្រូវយកទៅឲ្យអ្នកណា នៅកន្លែងណា ចំនួនប៉ុន្មាន ហើយអ្នកដែល មកទទួលយកពីវា ក៏វាមិនស្គាល់ដែរ។
នៅព្រឹកថ្ងៃទី2 ខែមីនា ឆ្នាំ2016 កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្កើត គណកម្មការ ដែលមានការចូលរួមត្រួតពិនិត្យពីព្រះរាជ អាជ្ញា ហ៊ឹង ប៊ុនថន និងលោក ឡេង ណាង ជាក្រឡាបញ្ជី ដើម្បីធ្វើការរាប់ចំនួន ថ្លឹង និងធ្វើតេស្ត៍ ជាលទ្ធផល ឃើញថាមាន ថ្នាំគ្រាប់WY ឬមេតំហ្វេតាមីនគ្រាប់ មានចំនួន ដប់ម៉ឺន បីពាន់ ប្រាំមួយរយគ្រាប់ និងម៉ាទឹកកក ឬហៅថា មេតំហ្វេតាមីនអាយស៍ ចំនួន បីគីឡូក្រាមមួយខាំ ។ តាមរយៈការធ្វើតេស្ត៍ឃើញថា ថ្នាំញៀនទាំងអស់នោះ មានគុណភាពសុទ្ធ 100% ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងដែលបានចាប់យក សមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការតាមនិតិវិធី រីឯបក្សពួកជនល្មើស ដែលនៅសេសសល់ផ្សេងៗទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវតាមប្រមាញ់បន្ត៕