ដោយ៖រដ្ឋា
ភ្នំពេញ: យ៉ាងហោចណាស់មានយុវជន៥នាក់ក្នុងក្រុមយុវជន និងនិស្សិតប្រមាណជា ៣០នាក់ ត្រូវបានក្រុមអង្គរក្សលោក កឹម សុខា សង្កត់បង្ខ៉ឲ្យអង្គុយស្ងៀមនៅនឹងកន្លែងខណៈដែលគេបាននាំគ្នាទៅទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ធ្វើការបកស្រាយ និងបញ្ជាក់ការពិត រឿងបែកធ្លាយសម្លេងសន្ទនា សាសងស្នេហាជាមួយស្រីក្មេង ដែលត្រូវបានបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាបន្តបន្ទាប់។
ហេតុការណ៍នោះបានកើតឡើងនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ខណៈពេលដែលលោក កឹម សុខា កំពុងតែជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំមូលដ្ឋានរបស់ គណបក្សសង្គ្រោះជាតិ នៅភូមិនៅអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានបានឲ្យដឹងថា ការព្យាយាមស្វែងរកការជួបជាមួយលោក កឹម សុខា ដើម្បីឲ្យបកស្រាយការពិតនោះត្រូវបានក្រុមសន្តិសុខ និងក្រុមយុវជន គណបក្សសង្គ្រោះជាតិ រារាំងមិនឲ្យចូលទៅជួបលោក កឹម សុខា នៅក្នុងវេទិកានោះទេ ។ឪកាសនោះមានយុវជន៥នាក់ក្នុងក្រុមយុវនិស្សិតតវ៉ា ត្រូវបានអង្គរក្សលោក កឹម សុខា ចាប់ឲ្យអង្គុយនៅនឹងកន្លែងខាងមុខវេទិកា ចំណែកលោក កឹម សុខា បើទោះបីជាក្រុមយុវជន និងនិស្សិតទាមទារឲ្យបកស្រាយការពិតយ៉ាងណាក្តីក៏មិនបានចេញមកជួបដើម្បីពន្យល់បកស្រាយការពិតរឿងបែកធ្លាយសម្លេងសាសងស្នេហានោះទេ។
លោក ប៉េង ភីរេន តំណាងយុវជន និងនិស្សិត មកពីតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា នៅក្នុងការទាមទារនេះ មានយុវជនចំនួន៥នាក់ ដែលជាមេក្រុមដែលបានដឹកនាំយុវជនទៅទីនោះ ត្រូវបានក្រុមអង្គរក្សលោក កឹម សុខា ចាប់ឃាត់ខ្លួនដោយសង្កត់ឲ្យអង្គុយនៅមុខវេទិកា ។ខណះនោះក្រុមយុវជនជាង ២០ នាក់ទៀត បានស្រែកតវ៉ាឲ្យដោះលែងតំណាងពួកគេទាំង៥នាក់ ចំណែកក្រុមយុវជនផ្សេងទៀត ត្រូវបានរារាំង និងបំបែកមិនឲ្យចូលទៅខាងក្នុងវេទិកាឡើយ។
លោក ប៉េង ភីរេន តំណាងយុវជន និងនិស្សិត មកពីតាមមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ខណះពួកគេកំពុងស្នើឲ្យលោក កឹម សុខា ចេញមកពន្យល់ពីករណីដូចព័ត៌មានដែលគេផ្សព្វផ្សាយរឿងស្នេហាជាមួយស្រីក្មេងនោះ ស្រាប់តែមានក្រុមអង្គរក្សរសប់លោកបានចេញមកឃាត់ចាប់សង្កត់យុវជនប្រមាណ៥នាក់ឲ្យអង្គុយនៅមួយកន្លែង។
លោក ប៉េង ភីរេន បានបន្តថា ក្នុងសកម្មភាពទាមទារនេះ ក៏មានការប្រតាយប្រតប់គ្នា បណ្តាលឲ្យក្រុមយុវជន រងរបួសខ្លះផងដែរ៕