ដោយ៖ សុត្ថារ៉ូ
បន្ទាយមានជ័យ៖ លោកអភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៦ ខែមីនានេះបានប្រាប់ថា អាជ្ញាធរខេត្តនឹងខិតខំរកទីតាំងដើម្បីបង្កើតជាផ្សារមួយកន្លែងនៅខាងទឹកដីខ្មែរសម្រាប់ឲ្យអាជីវករខ្មែរលក់ដូរទំនិញដែលចម្លងកម្មសិទ្ធិបញ្ញា ឬបន្លំម៉ាកដែលអាជ្ញាធរថៃហាមឃាត់ការលក់នៅក្នុងផ្សាររ៉ុងក្លឿប្រទេសថៃ។
ការលើកឡើងរបស់លោកអភិបាលបែបនេះ បន្ទាប់ពីអាជ្ញាធរថៃបានចុះត្រួតពិនិត្យ និងចាប់ទំនិញរបស់អាជីវករខ្មែរនៅក្នុងផ្សាររុងក្លឿប្រទេសថៃ តាមសាលដីការបស់តុលាការថៃ ទាក់ទងនឹងការចម្លងម៉ាកទំនិញដែលថៃអះអាងថាចម្លងកម្មសិទ្ធិបញ្ញាខុសច្បាប់។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ អាជ្ញាធរថៃក៏បានចុះត្រួតពិនិត្យទំនិញលួចកម្មសិទ្ធិបញ្ញា ឬបន្លំម៉ាកយីហោនៅផ្សាររុងក្លឿម្ដងដែរ ដែលនៅពេលនោះក្រុមអាជីវករបានប៉ះទង្គិចជាមួយសមត្ថកិច្ចថៃ ហើយអាជីវករព្រួតគ្នាវាយបណ្ដាលឲ្យរថយន្ត ១គ្រឿងខូចខាត់ និងអាជីវករពីរនាក់ ត្រូវសមត្ថកិច្ចថៃ ចាប់បញ្ជូនទៅវិនិច្ឆ័យទោសនៅតុលាការខេត្តស្រះកែវផងដែរ។
អភិបាលខេត្តបន្ទាយមានជ័យលោក គោ ស៊ុំសារឿត បានបញ្ជាក់ថា បន្ទាប់ពីមានជំនួបចរចារវាងអាជ្ញាធរខ្មែរជាមួយនឹងអាជ្ញាធរខេត្តស្រះកែវរបស់ថៃ គេបានសម្រេចផ្អាកការត្រួតពិនិត្យទំនិញនៅក្នុងផ្សាររុងក្លឿ និងទុកពេល ២ ខែ ដើម្បីឲ្យអាជីវករខ្មែរនៅទីនោះលក់ទំនិញហាមឃាត់នោះឲ្យអស់ និងកុំឲ្យមានការនាំទៅលក់បន្ថែមទៀត។លោកបន្ថែមថា បន្ទាប់ពីមានការចរចារមកដល់ព្រឹកនេះសភាពការណ៍ក្នុងផ្សាររុងក្លឿ មានភាពល្អឡើងវិញ ហើយអាជីវករមួយចំនួនក៏បានបន្តការលក់ដូរដែរ។
គួររំឭកថា កាលពីថ្ងៃទី ៥ ខែមីនា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានណែនាំឲ្យអាជីវករខ្មែរបញ្ឈប់ការលក់ដូរទំនិញចម្លងម៉ាកដែលមានកម្មសិទ្ធិបញ្ញារបស់ប្រទេសថៃ និងប្រទេសផ្សេងទៀត និងយកទំនិញទាំងនោះមកទុកនៅក្នុងទឹកដីកម្ពុជាវិញដើម្បីជៀសវាងការកើតមានបញ្ហាជាមួយអាជ្ញាធរថៃ៕
អាជីវករខ្មែរនៅក្នុងផ្សាររុងក្លឿ ប្រទេសថៃ (រូបថត៖បាងកកប៉ុស្តិ៍)