ដោយ៖សហការី
ខេត្តបន្ទាយមានជ័យ៖ឡានដឹកដីជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពដឹកជញ្ជូនដីលក់យ៉ាងគគ្រឹកគគ្រេងពេញក្នុងទីរួមខេត្តបន្ទាយមានជ័យហើយបើកក្នុងល្បឿនលឿន មិនខ្វល់ពីការគ្រោះថ្នាក់ដល់អ្នកដទៃទេបើទោះបីរថយន្តដឹកដីនោះបើកទៅបុកអ្នកណាស្លាប់ក៏ស្លាប់ទៅព្រោះសំអាងថាពួកខ្លួនមានលុយបង់ឲ្យជនរងគ្រោះដើម្បីបញ្ចប់រឿង ព្រោះរយៈពេលកន្លងមកនេះរថយន្តដឹកដីបុកមនុស្សស្លាប់ជារើយៗពុំដែលឃើញអ្នកបើករថយន្តណាម្នាក់ជាប់គុកដោយសារបុកមុស្សស្លាប់នោះឡើយ ។
សព្វថ្ងៃនេះប្រជាពលរដ្ឋរស់នៅក្នុងភូមិកងវ៉ានិងភូមិពង្រ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ពិសេសប្រជាពលរដ្ឋរស់នៅជាប់ការដ្ឋានកាយដី៣កន្លែងនៅក្នុងភូមិកងវ៉ា កំពុងជួបនូវបញ្ហាភ័យតក់ស្លុតដោយសារតែរថយន្តដឹកដីកំពុងហៀរកំពប់មិនគ្របបើកយ៉ាងលឿនដោយគ្មានខ្លាចញញើតនឹងបុកមនុស្សឡើយហើយធ្លាក់ដីពេញថ្នល់ជាតិជាហេតុធ្វើឲ្យអ្នកម៉ូតូជិះពីក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។ពិសេសទៀតនោះពាក់ព័ន្ធនឹងផ្លូវដង្ហើមកុមារតូចៗ យ៉ាងខ្លាំងទៀតផង។
ប្រជាពលរដ្ឋ បានឲ្យដឹងថា រថយន្តតូចធំធ្វើសកម្មភាពដឹកជញ្ជូនដីលក់យ៉ាងខ្លាំងនោះមានទីតាំងនៅចំណុចភូមិពង្រ និងភូមិកងវ៉ា ដែលសព្វថ្ងៃនេះការដ្ឋានកាយដី លក់នេះចង់ដល់ក្បាលប្រែតហើយផ្ទះប្រជាពលរដ្ឋនៅម្តុំនោះក៏មានការភ័យខ្លាចយ៉ាងខ្លាំងដែរព្រោះខ្លាចរណ្តៅដីបាក់សង្កាត់ស្លាប់ដល់ក្រុមគ្រួសាររបស់គាត់ទៀតផង។
ប្រជាពលរដ្ឋនៅជាប់នឹងការដ្ឋានកាយដីលក់នោះនៅតាមផ្លូវដីហុយស្ទើរមើលគ្នាមិនឃើញព្រោះរថយន្តដឹកដីដឹកចេញចូលដូចហែកឋិនសូម្បីតែផលដំណាំកសិកម្មស្រូវនិងបន្លែផ្សេងៗដាំអមសងខាងផ្លូវលំបន្តិចបន្តួចគ្រាន់ចិញ្ចឹមជីវិតនោះបណ្តាលឲ្យខូចខាតផងដែរ។
ប្រជាពលរដ្ឋនៅទីនោះបាននាំគ្នានិយាយថាបើមានរថយន្តដឹកដីដល់ភូមិណាហើយភូមិនោះនឹងជួបបញ្ហាប្រឈមខ្លាំងទី១បញ្ហារណ្តៅដីជ្រៅធ្វើអ្វីលែងកើតទី២រថយន្តដឹកដីកំពុងចង់បាក់ទ្រុងរថយន្តបើកបង្កដីហុយពេញភូមិទី៣បង្កឲ្យហុយហើយបំផ្លាញផ្លូវលំនិងផ្លូវជាតិយ៉ាងធ្ងន់ធ្ងរ។ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថាកំថាឡើយតែដីស្រែត្រូវបានបំផ្លាញនោះកន្លងមកសូម្បីតែដីភ្នំក្នុងទីរួមខេត្តនោះក៏ត្រូវបំផ្លាញដោយសារតែរថយន្តដឹកដីលក់ទាំងអស់នោះដែរ។
ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅឲ្យបានសុខស្រួលនោះគួរណាស់តែអាជ្ញាធរនិងសមត្ថកិច្ចចុះត្រួតពិនិត្យរថយន្តដឹកដីនេះឲ្យបានដិតដល់ផង៕