កូរ៉េខាងជើង​ព្រមាន​កម្ទេច​អាមេរិក និង​កូរ៉េខាងត្បូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 March, 2016 ក+ ក-

​ព្យុងយ៉ាង​៖​បន្ទាប់ពី​ទណ្ឌកម្ម​របស់ UN បានដាក់​ចេញ​កាលពី​សប្តាហ៍​មុន ប៉ុន្តែ​វា​ហាក់ដូចជា​មិនបាន ធ្វើ​ឲ្យ​កូរ៉េខាងជើង​បន្ទន់ឥរិយាបទ​នោះឡើយ ។ ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃ​ច័ន្ទ​ដើម​សប្តាហ៍​នេះ​បានប្រកាសថា ខ្លួន​នឹងធ្វើ​ការវាយប្រហារ​ដោយ​ប្រើប្រាស់ អាវុធ​នុយក្លេអ៊ែរ ទៅលើ​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង ឲ្យ​បាន​មុន​សម្ព័ន្ធមិត្ត​ទាំងពីរ​នេះ ចាប់ផ្តើម​សមយុទ្ធ​យោធា​របស់​ពួកគេ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ថ្ងៃ​ចន្ទ ទី​០៧ ខែមីនា ឆ្នាំ​២០១៦​នេះ​។​
​គណៈកម្មការ​ការពារ​ជាតិ​កូរ៉េខាងជើង បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ចន្ទ នេះ​ថា «​យោធា និង ប្រជាជន​កូរ៉េខាងជើង​នឹងធ្វើ​ការវាយប្រហារ ដោយ​យោធា​ស្កាត់​ទុកជាមុន ហើយ​យើង​នឹង​ចាត់វិធានការ​គ្រប់បែប យ៉ាង​ដើម្បី​បញ្ឈប់​ការធ្វើ​សមយុទ្ធ​រវាង​យោធា កូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក​។ ការឆ្លើយតប​របស់ កូរ៉េខាងជើង នឹង​ខ្លាំងក្លា​ដោយ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​។​»
​គួរ​បញ្ជាក់ថា សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង បានគ្រោង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ក្នុង​ដែនទឹក​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​ចន្ទ នេះ ។ ទន្ទឹម​នោះ​កូរ៉េខាងជើង បាន​ហៅ​សមយុទ្ធ​ដែល​គ្រោង​ធ្វើឡើង​នេះ​ថា ជាការ​ប៉ុនប៉ង​រំលោភ​បូរណភាព​ទឹកដី​របស់ខ្លួន​៕

north-korea-nuclear-hydrogen-bomb-test