ដោយ៖ ប៉ែន សុផល
បាត់ដំបង៖សមត្ថកិច្ចនគរបាលស្រុកថ្មគោលនៅព្រឹកថ្ងៃទី០៧ ខែមីនានេះ កំពុងសួរចម្លើយជនត្រូវចោទក្នុងករណីរំលោភសម្លាប់នារីក្រមុំម្នាក់នៅចំនុចវាលស្រែក្នុងភូមិតាពួង ឃុំតាពួង ស្រុកថ្មគោល ខេត្តបាត់ដំបង។
សមត្ថកិច្ចបញ្ជាក់ថា នារីរងគ្រោះឈ្មោះ គ ស គ អាយុ១៦ឆ្នាំ រស់នៅក្បែរកន្លែងកើតហេតុខាងលើរងរបួសធ្ងន់ធ្ងរបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តបន្ទាប់ពីជនដៃដល់បានវាយនឹងត្បូងចបប៉ងសំលាប់កាលពីយប់ថ្ងៃទី០៦ មីនា ឆ្នាំ២០១៦នេះ។
ឪពុកនារីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុនាងបានប្រាប់ម្តាយថា សង្សារនាងបានទូរស័ព្ទមកណាត់ជួបគ្នាស្រាប់តែយប់នោះកើតរឿងតែម្តង។
នៅក្នុងមន្ទីរពេទ្យ សាច់ញាតិនារីរងគ្រោះបានប្រាប់ថា នាងមិនអាចនិយាយពីមូលហេតុបានទេព្រោះនាងមានរបួសត្រង់មាត់ និងជុំវិញក្បាលធ្ងន់ធ្ងរហើយក្រុមគ្រូពេទ្យកំពុងព្យាយាមសង្គ្រោះ។ចំណែកក្រុមគ្រូពេទ្យ មិនបានឆ្លើយតបចំពោះសំណួររបស់អ្នកកាសែតថា តើនារីរងគ្រោះត្រូវគេរំលោភសេពសន្ថវៈដែរឬយ៉ាងណានោះទេ ឬក៏ជាអំពើហិង្សា ?។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យកំពុងត្រូវសួរចម្លើយដោយលាក់លៀមមិនអោយដឹងពីអត្តសញ្ញាណច្បាស់លាស់ទេ ប៉ុន្តែប៉ូលីសសន្និដ្ឋានថា ករណីរំលោភសរពសន្ថវៈដោយហិង្សាខាងលើនេះអ្នកប្រព្រឹត្តមានគ្នាច្រើននាក់៕