ហ្វីលីពីន៖ប្រធានរណសិរ្សរំដោះអ៊ីស្លាម Moro (MILF) លោក Murad Ebrahi ព្រមានថា ក្រុមរដ្ឋអ៊ីស្លាមបានព្យាយាមបង្កើតកម្លាំងដ៏រឹងមាំ នៅតំបន់ភាគខាងត្បូងប្រទេសហ្វីលីពីនជាទីតាំងដែលត្រូវរដ្ឋាភិបាល ខិតខំបង្ក្រាបក្រុមឧទ្ទាមផ្ដាច់ខ្លួនជាច្រើនទសវត្សមកហើយនោះ។
ដំណើរការសន្ដិភាព បានជាប់គាំងតាំងពីសភាហ្វីលីពីនបរាជ័យក្នុងការអនុម័ត សេចក្ដីព្រាងច្បាប់ ដែលជាកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលជាមួយក្រុមឧទ្ទាមMILF ដែលនឹងអាចផ្ដល់ស្វ័យភាពដល់តំបន់ភាគខាងត្បូងប្រទេស។ដោយសារតែ សេចក្ដីព្រាងច្បាប់ជាប់គាំង ទើបមេដឹកនាំក្រុមឧទ្ទាមបារម្ភថា ក្រុមរដ្ឋអ៊ីស្លាមអាចឆ្លៀតឱកាសនេះ ដើម្បីពង្រឹងសមត្ថភាពក្រុមឧទ្ទាមឡើងវិញ ព្រោះថាប្រជាជនក្នុងតំបន់ភាគខាងត្បូងបច្ចុប្បន្នមានស្មារតី ខ្លាំងក្លាណាស់។
គួរបញ្ជាក់ថា មេដឹកនាំក្រុមឧទ្ទាមអ៊ីស្លាមMoro(MILF) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពជាមួយរដ្ឋាភិបាលប្រធានាធិបតី ហ្វីលីពីន Benigno Aquinoក្នុងឆ្នាំ២០១៤ ដើម្បីបញ្ចប់ការប្រយុទ្ធទាមទារឯករាជ្យ ដែលការតតាំងបានចាប់ផ្ដើមតាំងពីទសវត្សឆ្នាំ១៩៧០៕