លោក ខូ​យ ឃុន​ហ៊ួ​រ អញ្ជើញ​ចូលរួម​ប្រារព្ធ​ពិធី​អបអរ​ខួប​លើក​ទី​១០៥​ទិវា​នារី​អន្តរជាតិ​៨​មីនា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 March, 2016 ក+ ក-

ដោយ៖អ វឹង

​ខេត្តកំពត​៖ លោក ខូ​យ ឃុន​ហ៊ួ​រ អភិបាល​ខេ​ត្ក កាលពី​រសៀល​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០១៦​បាន អញ្ជើញ​ចូលរួម​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​សាលាខេត្ត​កំពត​ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ពិធី​អបអរ​ខួប​លើក​ទី​១០៥ នៃ​ទិវា​នារី​អន្តរជាតិ ៨​មីនា ឆ្នាំ​២០១៦ ក្រោម​ប្រធាន​ប​ទៈ​”​វិនិយោគ​លើ​សមភាព​យេនឌ័រ ដើម្បី​កិច្ច​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​។

​មានប្រសាសន៍​សំណេះសំណាល​បន្ទាប់ពី​លោក ស្រី យូ សុគន្ធ អភិបាលរង​ខេត្ត បាន​អាន​នូវ​ព្រះរាជសារ​សម្តេច​ព្រះមហា​ក្ស​ត្រី​នរោត្តម មុនីនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព​សេចក្តីថ្លៃថ្នូរ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ឱកាស​អបអរសាទរ​ខួប​លើក​ទី​១០៥​នៃ​ទិវា​នារី​អន្តរជាតិ​៨​មីនាឆ្នាំ​២០១៦ និង លោកស្រី មុយ វិ​រត្ន នាយករង​រដ្ឋបាល​សាលាខេត្ត បានធ្វើ​របាយការណ៍​ឲ្យ​ដឹង​អំពី ស្ថានភាព​ការងារ​មន្ត្រីរាជការ ពិសេស​ស្ថានភាព​ការងារ​ស្ត្រី​មាន​លក្ខណៈ​សមភាព​យេនឌ័រ​ល្អប្រសើរ ទាំង​តួនាទី​ភារកិច្ច​ការងារ​ប្រកបដោយ​ស្មារតី​ភ្ញាក់រលឹក​និង​ម្ចាស់ការ​ខ្ពស់​នៅក្នុង​អង្គភាព​ចំណុះ​សាលា​ខេត្តកំពត​រួចមក លោក ខូ​យ ឃុន​ហ៊ួ​រ បាន​សំដែង​ការអបអរសាទរ​ចំពោះ​ទិវា​សិទ្ធ​នារី​អន្តរជាតិ​៨​មីនា​ខួប​លើក​ទី​១០៥​ឆ្នាំ​២០១៦​នេះ​ដោយបាន​ចាត់ទុក​ទិវា​ដ៏​មាន​សារៈសំខាន់​នេះ គឺ​ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​បង្កើន​ការវិនិយោគ ទាំង​ធនធានមនុស្ស និង​សេដ្ឋកិច្ច​សម្រាប់​ការលើកកម្ពស់​សមភាព​យេនឌ័រ​និង​ពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី​នៅ​ទូទាំងប្រទេស​និង​និយាយ​ដោយឡែក​នៅក្នុង​ខេត្តកំពត​។​

​លោក​អភិបាលខេត្ត​បានចាត់ទុក​សមភាព​យេនឌ័រ គឺជា​កំលាំង​ស្នូល​នៃ​កិច្ចអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដើម្បី​លើកកម្ពស់​សុខុមាលភាព​វិបុលភាព និង​ភាពសុខដុមរមនា​នៃ​សង្គម ហើយ​ពិសេស​ផ្តល់នូវ​ឧ​ត្ត​ម​ប្រយោជន៍​ជាច្រើន មិន​ត្រឹមតែ​សម្រាប់​ស្ត្រី​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​សម្រាប់​បុរស សហគមន៍ និង​សង្គមជាតិ​ទាំងមូល​ផងដែរ​។​

​ក្នុងឱកាស​នោះ លោក ខូ​យ ឃុន​ហ៊ួ​រ ក៏បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រទាំង​អស់​ត្រូវខិតខំ​ជំរុញ​លើកកម្ពស់​ស្ថានភាព​យេនឌ័រ​មិន​ថា​នៅក្នុង​អង្គភាព​កន្លែង​បំរើ​ការងារ​សូម្បី​នៅក្នុង​សង្គម​គ្រួសារ​ក៏ត្រូវ​មានការ​យកចិត្ត​ទុកដាក់​បញ្ហា​សមភាព​យេនឌ័រ​នេះ​ជាសំខាន់​ដែរ​។
​លោក​អភិបាលខេត្ត​ក៏បាន​ផ្តាំផ្ញើ​ដល់​មន្ត្រីរាជការ​ទាំងអស់​ក៏ត្រូវ​ខិតខំ​ពង្រឹង​អភិវឌ្ឍន៍​សមត្ថភាព​ពិសេស​ស្ត្រី​ខ្លួនឯង​ត្រូវមាន​ការយកចិត្តទុកដាក់​បង្កើន​នូវ​ចំណេះដឹង​ឲ្យ​បាន​ទូលំទូលាយ​ដើម្បី​ក្លាយខ្លួនជា​អ្នកគ្រប់គ្រង​ដឹកនាំ​ដ៏​ល្អ​ពូកែ​ទាំង​នៅក្នុង​ស្ថាប័ន​និង​អង្គ ភាព​ក៏​ដូច​នៅក្នុង​សង្គម​គ្រួសារ​ផងដែរ​។

​ក្នុងឱកាស​នោះ​ដើម្បី​ចូលរួម​ជំរុញ​លើកកម្ពស់​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​កាន់​មាន​ប្រសិទ្ធភាព​លោក ខូ​យ ឃុន​ហ៊ួ​រ ក៏បាន​ជូន​នូវ​វត្ថុ​អនុស្សាវរីយ៍ មួក​ការពារ​សុវត្ថិភាព​ម្នាក់​០១ អមដោយ​ថវិកា​ចំនួន​៤​ម៉ឺន​រៀល​ដល់​បងប្អូន​មន្ត្រីរាជការ​ជា​ស្ត្រី​ចំនួន​៧២​នាក់​ដែល​បាន​ចូលរួម​ក្នុងឱកាស​ដ៏​អធិកអធម​នេះ​៕

1b11b21b31b41b51b61b7