ដោយ៖ប៉ែន សុផល
បាត់ដំបង៖ យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា រយៈពេលពីថ្ងៃទី៨ និងថ្ងៃទី៩ ខែមីនា នេះមានករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរចំនួន៣លើកបណ្តាលឲ្យមនុស្សស្លាប់៣នាក់ នៅនឹងកន្លែង និងម្នាកទៀតរងរបួសធ្ងន់។
តាមរបាយការណ៍បានបង្ហាញថា ករណីទី១បានកើតឡើងនៅវេលារសៀលម៉ោង១.៥០នាទី ថ្ងៃទី៨ ខែមីនា ក្នុងចំនុចក្រុមទី២១ ភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឬស្សី មូលហេតុដួលម៉ូតូដោយខ្លួនឯងខណះស្រវឹងស្រាហើយជិះបុកបង្គោលភ្លើងក្រោយចេញពីស៊ីការ បណ្តាលអោយស្លាប់ម្នាក់ឈ្មោះណែម ឆុង ភេទប្រុស អាយុ៣១ជាគ្រូបង្រៀននិងម្នាក់ទៀតរបួសស្រាលឈ្មោះឆូយ វណ្ណឆៃ ភេទប្រុស អាយុ២៤ឆ្នាំ។
ហេតុការណ៍ទី២កើតឡើងរវាងរថយន្តនិងម៉ូតូកង់៣នៅវេលាម៉ោង១១.០០នាទី ថ្ងៃទី៩ ខែមីនា ក្នុងក្រុមទី៤ ភូមិអំពិលឈូង ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី អ្នកបើករថយន្តគេចខ្លួនបាត់ ចំណែកជនរងគ្រោះជិះម៉ូតូកង់៣បណ្តាលអោយស្លាប់ ឈ្មោះអ៊ុំ ធន ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិ ឃុំកន្លែងកើតហេតុ។
រីឯករណីទី៣បណ្តាលអោយបុរសម្នាក់ស្លាប់នៅនិងកន្លែងរវាងរថយន្តបែនដឹកដីរបស់ក្រុមហ៊ុនចិនធ្វើផ្លូវបានបុកម៉ូតូជនរងគ្រោះពីក្រោយនៅវេលាម៉ោង៩.០០ព្រឹក ថ្ងៃទី៩ ខែមីនាក្នុងចំនុចផ្លូវលេខ១៥៥៧ ភូមិទទឹម ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះយឿន ភេទប្រុស អាយុ៥៦ឆ្នាំជាកសិករ រស់នៅភូមិអូររថក្រោះ ចំណែកម្ចាស់រថយន្តគេចខ្លួនបាត់៕