ភ្នំពេញ៖ នាយករដ្ឋមន្ដ្រីថ្មីរបស់ប្រទេសថៃលោក ប្រាយុទ្ធ ចាន់អូចា (Prayut Chan O Cha) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាលើកដំបូងចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ ក្រោយពេលដែលលោក បានឡើងកាន់តំណែងថ្មី កាលពីថ្ងៃទី២១ ខែសីហាកន្លងទៅនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហការប្រតិបត្តិការអន្តជាតិកម្ពុជា ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤បានបង្ហាញថា តបតាមការអញ្ជើញរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៥ នាយករដ្ឋមន្ដ្រីថ្មីរបស់ប្រទេសថៃលោក ប្រាយុទ្ធ ចាន់អូចា នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាផ្លូវវការលើកដំបូងនៅព្រះជាណាចក្រកម្ពុជា ។
តាមសេចក្តីប្រកាសដដែលបានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចហើយលោកជោ ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូចា នឹងធ្វើសន្និសីទកាសែតរួមគ្នា ដើម្បីបញ្ជាក់ពីដំណើរទស្សន កិច្ចនេះ។
ប្រភពបន្តថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពូជាលើកទីមួយនេះ លោក ប្រាយុទ្ធ ចាន់អូចា នឹងចូលបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង ជួបពិភាក្សទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាមួយគ្នានេះដែរលោក ប្រាយុទ្ធ ច័ន្ទអូចា នឹងចូលគោរពព្រះវិញ្ញាក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅមណ្ឌលព្រះបរមរូប នាសួនច្បារវិមានឯករាជ្យផងដែរ។
ប្រភពបន្តទៀតថា បន្ទាប់ជំនួបទ្វេភាគីរវាងលោក ហ៊ុន សែន និងលោក ប្រាយុទ្ធ ច័ន្ទអូចា និងនឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួនបី រួមមាន ទី១-អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ, ទី២-អនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បី លុបបំបាត់ការជួញដូរមនុស្ស និងជួយជនរងគ្រោះដោយសារការជួញដូររវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ និងទី៣-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការតភ្ជាប់ផ្លូវដែករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ៕
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃលោក Prayut Chan O Cha