ប៉េកាំង៖រដ្ឋមន្ដ្រីការបរទេសចិន លោក Wang Yi បាននិយាយថា ចិនមានទំនុកចិត្ដយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងចិនជាមួយរុស្ស៊ី។ លោកថ្លែងបែបនេះក្នុងអំឡុងពេលជួបសំណេះសំណាលជាមួយរដ្ឋមន្ដ្រីការបរទេសរុស្ស៊ីលោក Sergei Lavrov គ្រាដែលលោករដ្ឋមន្ត្រីធ្វើដំណើរទស្សនកិច្ចក្នុងប្រទេសរុស្ស៊ី។
លោក Wang Yi បានបន្ដថា ក្នុងនាមចិន និងរុស្ស៊ីគឺជាដៃគូដ៏មានសារៈសំខាន់ និងផ្ដល់អាទិភាព រវាងគ្នាទៅវិញទៅមក ប្រទេសទាំងពីរកំពុងអភិវឌ្ឍយុទ្ធសាស្ដ្រចម្បងៗដែលបានសហការគ្នា។ លោកបញ្ជាក់ថា មិនថាមានអ្វីកើតឡើងនៅក្នុងតំបន់ ឬក្នុងពិភពលោក គោលនយោបាយនៃភាពជាដៃគូរវាងប្រទេសទាំងពីរគ្មានអ្វីផ្លាស់ប្ដូរទេ។
លើសពីនេះប្រទេសជាដៃគូទាំងពីរមានគម្រោងរៀបចំការផ្លាស់ប្ដូរនិងការចូលរួម កម្មវិធីសំខាន់ៗជាមួយគ្នាជាច្រើនទៀត ដូចជាការផ្ដួចផ្ដើមអនុវត្ដយុទ្ធសាស្ដ្រសេដ្ឋកិច្ច ទាំងយុទ្ធសាស្ដ្រសេដ្ឋកិច្ចរបស់ចិន និងយុទ្ធសាស្ដ្រសេដ្ឋកិច្ចរុស្ស៊ីផងដែរ ហើយរំពឹងថានឹងមានលទ្ធផលផ្លែផ្កា៕