ភ្នំពេញ ៖ក្រុមយុវជនស្វែងការពិត បានធ្វើសន្និសីទកាសែតស្តីពី”លទ្ធផលនៃខ្សែអាត់សំឡេងដែលសង្ស័យជាលោក កឹម សុខា និងនារីវ័យក្មេងឈ្មោះ ខុម ចាន់ដារ៉ាទី ហៅស្រីមុំ បានបង្ហាញភស្តុតាងបញ្ជាក់ថាសំឡេងក្នុងខ្សែអាត់នោះ ដូចសំឡេងស្រីមុំ១០០%” ។
នៅក្នុងសន្និសីទកាសែតនោះលោក ស្រី ចំរើន តំណាងក្រុមយុវជនស្វែងរកការពិត និងអ្នកជំនាញសុទ្ធតែបានអះអាងសំឡេង នាងស្រីមុំ ក្នុងពេលសន្ទនារវាងលោក កឹម សុខា និងសំឡេងក្នុងការផ្តល់បទសំភាសន៍រវាងលោក ជុន ចាន់បុត្រ ជាសំឡេងនាងស្រីមុំពិត១០០%។
អ្នកជំនាញបានបង្ហាញនូវការអះអាងថា សំឡេងលោក កឹម សុខា និងកញ្ញា ស្រីមុំ ពិត១០០%នោះដោយសំអាងលើរលកសម្លេង និងរលកហ្វ្រេកង់ សំឡេងដូចគ្នាពិត១០០%។ ទន្ទឹមនោះលោក ស្រី ចំរើន បញ្ជាក់ថា ដោយលោក កឹម សុខា គឺជាមនុស្សសាធារណៈ និងជាអ្នកនយោបាយ ដែលមានស្នេហាលួចលាក់បែបនេះ ត្រូវតែចេញមកសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ និងប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ និងសមភាពយេនឌ័រ និងគ្មានការទទួលខុសត្រូវ។ លោក ស្រី ចំរើន បានបញ្ជាក់ទៀតថា លោកបានដាក់បណ្តឹងទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងកញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ពីបទឆបោក កុហក់សាធារណជន និងគ្មានហេតុផលសមរម្យ។
លោក ស្រី ចំរើន បានទាមទារឲ្យកញ្ញា ស្រីមុំ និងលោក កឹម សុខា ត្រូវមានភាពក្លាហានបង្ហាញលិខិតឆ្លងដែន និងសំបុត្រយន្តហោះដែលអ្នកទាំងពីរបានធ្វើដំណើរទៅប្រទេសថៃ ក្នុងអំឡុងខែកុម្ភៈឆ្នាំ២០១៦ ដល់សាធារណៈ ៕