ខេត្តប៉ៃលិន៖បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសស្រាលដោយសារទអភូតហេតុរន្ទះបាញ់។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤និង ៣០នាទី រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ក្នុងចំការដំឡូងមីមួយកន្លែង នាភូមិអូរទឹកភ្លាវ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ខណៈដែលបុរសរងគ្រោះទាំងពីរនាក់ ទៅជ្រកក្រោម ដើមអំពឹលមួយដើម ព្រោះតែភ្លៀងមួយមេធំ។
ជនរងគ្រោះទាំងពីរមានឈ្មោះទី១ ឈ្មោះ យ៉ាត ភេទប្រុស អាយុ៣៦ឆ្នាំ (ស្លាប់នឹងកន្លែង ) ទី២ឈ្មោះ រឿន ណារិទ្ទ ភេទប្រុស អាយុ២៨ឆ្នាំ (របួសស្រាល) អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្នភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាកម្មករស៊ីឈ្នួលដកដំឡូងមី។
ប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមនុស្សមួយក្រុម ដែលជាកម្មករស៊ីឈ្នូលដកដំឡូងមីឲ្យគេ បានទៅដកដំឡូងមី នៅកន្លែងកើតហេតុខាងលើ មួយសន្ទុះក្រោយមកស្រាប់តែផ្ទៃមេឃអួរអាប់បង្កជាដុំពពកខ្មៅ លាយឡំនិងភ្លៀងរលឹមស្រិចៗ ។
ប្រភពព័ត៌មានបន្តថា នៅពេលភ្លៀងចាប់ផ្តើមធ្លាក់ ក្រុមកម្មករទាំងនោះ ក៏បានរត់ទៅជ្រកក្រោមដើមអំពឹលមួយដើម ពេលនោះស្រាប់តែស្នូររន្ទះបានបាញ់ចេញពីក្រោមដើមអំពិល បណ្តាលឲ្យចំដើមទ្រូងបុរសម្នាក់ ស្លាប់ភ្លាមមួយរំពេច និងម្នាក់ទៀតរងរបួសស្រាល ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រួវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្ត ដឹកបញ្ជូនយកទៅលំនៅដ្ឋានជនរងគ្រោះ ភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីធ្វើបុណ្យតាមប្រពៃណី៕