រាជធានីភ្នំពេញ៖យុវជនម្នាក់ចាញ់ល្បែងអស់ យកម៉ូតូទៅបញ្ចាំ រួមបានប្រឌិតរឿងថា មានចោរប្លន់ម៉ូតូរបស់ខ្លួនស្រែកផ្អើលសមត្ថកិច្ចខណ្ឌទួលគោកចុះមកសួរនាំ និងអន្តរាគមន៍។ ប៉ុន្តែក្រោយការជជីកសួរនាំរួចមក ស្រាប់តែជននេះឆ្លើយប្រប់ថា ខ្លួនបានយកម៉ូតូ ទៅបញ្ចាំចំនួន៧០០ដុល្លារ។ ហេតុការណ៍ នេះកើតឡើងនៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅក្បែរ ផ្សារសំណង់១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
យុវជនរូបនេះមានឈ្មោះ ឡឹក រិទ្ធរក្ស អាយុ២២ឆ្នាំ រ់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានមុខរបរជាអ្នកលក់គ្រឿងអេឡិចត្រូនិច តាមប្រព័ន្ធ Online។ ចំណែកម៉ូតូដែលដាក់បញ្ចាំនោះម៉ាក Zoomer ពាក់ស្លាកលេខភ្នំពេញ 1DF-2250 ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច យុវជនរូបនេះ មានលេងល្បែងចាក់បាល់ នៅតាមប្រព័ន្ធ Internet បណ្តាលឲ្យចាញ់ ទើបយកម៉ូតូរបស់ខ្លួនទៅបញ្ចាំចំនួន៧០០ដុល្លារ នៅហាង បញ្ចាំឈ្មោះ ម៉ារ៉ាន់II ស្ថិតនៅផ្ទះលេខ៨ ផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ហើយជននេះ តែងតែបញ្ចាំនៅហាងមួយនេះជាប្រចាំទៅហើយ។ តែលើកនេះ ក្រោយចេញពីហាងបញ្ចាំ ក៏ប្រឌិតរឿងថា ចោរប្លន់តែម្តង ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច និងប្រជាពលរដ្ឋចុះទៅមើលជាច្រើននាក់។
ក្រោយដឹងថាជននេះប្រឌិតរឿងនោះ សមត្ថកិច្ចក៏នាំខ្លួនទៅហាងបញ្ចាំនោះ និងយកម៉ូតូមកវិញ ហើយបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំសុំគោលការណ៍ ណែនាំបន្តទៀតពីស្នងការនគរបាលរាជធានីភ្នំពេញ៕