ដោយះប៉ែនសុផល
បាត់ដំបង៖ កម្លាំងនគរបាលស្រុកឯកភ្នំបានបញ្ជូនបក្ខពួកឃាតករ៣នាក់ក្នុងចំណោម៥នាក់ទៅស្នងការខេត្តនៅរសៀលថ្ងៃទី១៣ខែមីនាឆ្នាំ២០១៦ ពាក់ព័ន្ធឃាតកម្មគិតទុកជាមុន បន្ទាប់ពីពួកគេបានសមគំនិតគ្នា សម្លាប់ជនរងគ្រោះម្នាក់ កាលពីវេលាម៉ោង២២និង៣០នាទីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ នៅចំណុចបឹងស្វាយត្រាំ ក្នុងភូមិសាស្ត្រឡូត៍នេសាទលេខ២ ស្ថិតក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំងស្រុកឯកភ្នំ ខេត្តបាត់ដំបង។
លោក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំបានឲ្យដឹងថា បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់កាលពីថ្ងៃទី១០ខែមីនាឆ្នាំ២០១៦ មានស្នាមកាប់ជាច្រើនពូថៅស្លាប់ក្នុងព្រៃរនាមតំបន់ឡូត៍លេខ២ ត្រង់ចំណុចបឹងស្វាយត្រាំអាចាកែងកុងស៊ី ច្រកចូលទៅព្រែកកូនយំ ស្ថិតនៅក្នុងតំបន់ឡូត៍អភិរក្ស(ឡូត៍លេខ២)ស្ថិតក្នុងភូមិព្រែកទាល់ឃុំកោះជីវាំង។
តាមសមត្ថកិច្ចការបានប្រាប់ឲ្យដឹងថា ជនរងគ្រោះរូបនេះ ជាបណ្តាញកងកម្លាំងស៊ើបការ(គ្មានក្របខណ្ឌ)នៃការិយាល័យទី២កងទ័ពជើងគោកប្រចាំទិសបឹងទន្លេសាប។
សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុនៅយប់នោះមានការផឹកស៊ីមានមនុស្សជិត១០នាក់ ជនរងគ្រោះបាមមកចូលក្រោយគេ ហើយបានបញ្ចប់ការផឹកស៊ីរួចម្តងហើយ ក៏បានផឹកស៊ីជាមួយគ្នាម្តងទៀតហើយបានបញ្ចប់ការផឹកស៊ីរួចម្តងទៀត ប៉ុន្តែទំនងធ្លាប់មានទំនាស់ពាក្យសម្តីគ្នាកន្លងមកផង ហើយបក្ខពួកជនសង្ស័យមានគ្នា៥នាក់បានរួមគំនិតគ្នា វាយសម្លាប់ជនរងគ្រោះតែម្តង។ក្រោយពេលផឹកស៊ីលើកទី២រួចរួច ពួកគេបានដោយពូថៅមកកាប់ទៅលើជនរងគ្រោះជាច្រើនពូថៅបណ្តាលស្លាប់នៅនឹងកន្លែង ហើយនាំគ្នាគេចខ្លួនបាត់អស់។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនរងគ្រោះមានឈ្មោះ លន់ ឃីម ហៅជីម ភេទប្រុសអាយុ៤៧ឆ្នាំ រស់នៅភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ចំណែកបក្ខពួកជនសង្ស័យមានទី១ឈ្មោះ ខាន ភឿត ភេទប្រុសអាយុ២៩ឆ្នាំ ទី២ឈ្មោះ ថន ថៃ ភេទប្រុសអាយុ៣៧ឆ្នាំ ទី៣ឈ្មោះ ភៀត ក្លែប ភេទប្រុសអាយុ៣៧ឆ្នាំ ទាំង៣នាក់នេះរស់នៅក្នុងឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ឯបក្ខពួក២នាក់ទៀតបានរត់គេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនមកស្នងការនគរបាលខេត្តនៅរសៀលថ្ងៃទី១៣ខែមីនាឆ្នាំ២០១៦ នេះដើម្បីចាត់ការបន្តតាមច្បាប់៕