ដោយ៖ប៉ែនសុផល
បាត់ដំបង៖ក្រុមចោរមួយក្រុមបានធ្វើសកម្មភាពកាត់សំណាញ់ដែក និងគាស់ទ្វារផ្ទះចូលប្រមូលយកទូរសព្ទ័ដៃជាច្រើនគ្រឿងរួចគេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពី វេលាម៉ោង ៧៖៣០ នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នៅចំណុចបូរី ស្ទឹងសង្កែដែលមានយីហោ(ពិភពអេឡិចត្រូនិក លក់ទូរស័ព្ទដៃទំនើប)ដែលមានទីតាំងតាមបណ្ដោយផ្លូវលេខ១របមាត់ស្ទឹងសង្កែ ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។
យោងតាមប្រភពព័ត៌មានពីលោក ឈឹម សំប៊ុននិងប្រពន្ធឈ្មោះជូត ច័ន្ទចរិយាដែលជាម្ចាស់ផ្ទះ(ពិភពអេឡិចត្រូនិកលក់ទូរស័ព្ទដៃទំនើប)ខាងលើបានរៀបរាប់ថា នៅយប់កើតហេតុថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ លោកព្រមទាំងភរិយាមិនបាននៅដេកផ្ទះទេដោយចាក់សោរផ្ទះចោលរួចនាំគ្នាទៅដេកនៅបូរីផ្សារភូ ប៊ុយ លុះដល់ព្រឹកឡើងម៉ោង៧៖៣០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦លោកព្រមទាំងភរិយាបានមកចាក់សោរចូលផ្ទះដើម្បីរៀបចំលក់ដូរក៏ឃើញ ទូរដាក់ទូរស័ព្ទរបើក និងបាត់អស់ទូរស័ព្ទជាច្រើនគ្រឿង និងមានស្នាមគាស់ទ្វារ និងកាត់សំណាញ់ដែកជាច្រើនបន្លោះ។
ប្រភពបន្តថា សម្ភារដែលបាត់បង់មាន ទូរស័ព្ទដៃទំនើបៗជាង២០០គ្រឿង ក្នុងមួយគ្រឿងតំលៃចាប់ពី៣០០ដុល្លាទៅដល់៨០០ដុល្លារ ដែលសរុបជាទឹកប្រាក់ប្រហែល៦ម៉ឺនដុល្លា(ប្រាំមួយម៉ឺនដុល្លារ)។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើ ការងារស្រាវជ្រាវរកមុខសញ្ញាក្រុមចោរលួចទាំងនោះ៕