UN៖អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក បាន គីមូន បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះការវាយប្រហារដោយអំពើភេរវកម្ម នៅកណ្តាលរដ្ឋធានីអង់ការ៉ា របស់ប្រទេសតួកគី កាលពីយប់ថ្ងៃអាទិត្យ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ និងរបួសរាប់រយនាក់។
សេចក្តីថ្លែងការណ៍ចេញដោយការិយាល័យអគ្គលេខាធិការ លើកឡើងថា «ក្នុងនាមជាអគ្គលេខាធិការ UN ខ្ញុំសូមបង្ហាញនូវក្តីរន្ធត់ និងអាណិតអាសូអស់ពីបេះដូង ចំពោះក្រុមគ្រួសារសាច់ញាតិនៃជនរងគ្រោះទាំងអស់។ អង្គការសហប្រជាជាតិ នឹងឈរនៅជាមួយរដ្ឋាភិបាល ព្រមទាំងប្រជាជនតួកគីទាំងអស់ ក្នុងពេលវេល នៃគ្រោះអាសន្នមួយនេះ»។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃអាទិត្យមានករណីបំផ្ទុះគ្រាប់បែកលើរថយន្តមួយបានកើតឡើងក្បែរស្ថានីយរថយន្តក្រុងដ៏ធំមួយ នៅកណ្តាលរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីនិងបានសម្លាប់មុស្ស៣៤នាក់ និង១២៥នាក់ទៀតរងរបួស៕