ខេត្តបាត់ដំបង៖មនុស្សប្រុសស្រីចំនួន១៥នាក់ត្រូវបានកម្លាំងនគរបាលជំនាញបង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួនពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន។
ការឃាត់ខ្លួននេះធ្វើឡើងគ្រាដែលកម្លាំងនគរបាលចុះបង្ក្រាបគ្រឿងញៀននៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ នៅបន្ទប់៨៨៨៨ និង៩៩៩៩ ក្នុងហាងខារ៉ាអូខេ Pacific Night Taste ស្ថិតនៅសង្កាត់ស្វាយប៉ាក ក្រុងបាត់ដំបង។
មន្ត្រីនគរបាលខេត្តបាត់ដំបងថ្លែងថា ប្រតិបត្តិការចុះបង្ក្រាបករណីគ្រឿងញៀននេះគឺក្រោមការបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ ស ថេត និងមានការឯកភាពពីតំណាង អយ្យការអមសាលាដំបូងខេត្តលោក នួន សាន។
ប្រភពបន្តថា ក្នុងករណីកម្លាំងនគរបាលបានចាប់ខ្លួន មនុស្សចំនួន១៥នាក់ ក្នុងនោះស្រី៤នាក់ ហើយក្រោយពិនិត្យ ទឹកនោមរួចមក មានសារធាតុញៀន ចំនួន១៣នាក់។ ក្រៅពីការចាប់ខ្លួន ជនសង្ស័យទាំងនេះ កម្លាំងនគរបាលក៏បានដកហូត ឧបករណ៍សម្រាប់ជក់គ្រឿងញៀន មួយចំនួនផងដែរ ។
បច្ចុប្បន្នជនសង្ស័យទាំងនេះ ស្ថិតក្រោមការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ចាត់ការតាមច្បាប់ ៕