តួកគី៖យោងតាមសារព័ត៌មាន CNN បានផ្សាយនៅថ្ងៃទី១៤ ខែមីនា នេះឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសតួកគី បានបញ្ជាឲ្យបិទបណ្ដាញទំនាក់ទំនងសង្គម Facebook និង Twitter ជាបណ្ដោះអាសន្ន ក្រោយពេលរូបភាពជាច្រើនសន្លឹកនៃអំពើភេរវកម្មនៅក្នុងទីក្រុង Ankara ត្រូវបានគេចែករំលែក។
បើអាជ្ញាធរគ្រប់គ្រងទូរគមនាគមន៍តួកគីបានថ្លែងថា ការបិទមិនឲ្យប្រើប្រាស់បណ្ដាញសង្គមទាំងពីរខាងលើ គឺធ្វើតាមបញ្ជារបស់តុលាការ គ្រាដែលអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងពីរ បានចេញរំលែករូបភាពដ៏រន្ធត់នៃអំពើភេរវកម្ម ដែលបណ្ដាលឲ្យមនុស្សស្លាប់ ៣៤នាក់ និងរបួស១២៥នាក់។ លើសពីនេះ រដ្ឋាភិបាលតួកគី ក៏បានហាមការបោះផ្សាយជាមួយនឹងរូបភាពនៃអំពើភេរវកម្មនេះផងដែរ។
គួរបញ្ជាក់ផងដែរថា អំពើភេរវកម្មនេះ បានកើតឡើងនៅយប់ថ្ងៃអាទិត្យម្សិលមិញ ក្នុងរដ្ឋធានី Ankara ដែលបណ្ដាលឲ្យមានមនុស្ស ២៤នាក់ស្លាប់ និង១២៥នាក់របួស ដែលមកដល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខអះអាងថាជាទង្វើរបស់ខ្លួនឡើយ៕