ដោយ៖ខេមរា
ភ្នំពេញ៖ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឲ្យចាប់ខ្លួននៅនឹងកន្លែងចំពោះអ្នកនយោបាយណាដែលសន្យាសងបំណុលធនាគារជំនួសប្រជាពលរដ្ឋនៅពេលដែលខ្លួនឈ្នះឆ្នោត ដោយចាត់ទុកថាជាទង្វើប្រជាភិថុតបោកប្រាស់ខុសពីបទបញ្ញតិផ្នែកហរិញ្ញវត្ថុ និងជំរុញឲ្យពលរដ្ឋចេះតែខ្ចីបុលគេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបែបនេះខណះលោកអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទជាតិស្តីពីការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាព្រឹកថ្ងៃចន្ទទី១៤ ខែមីនា នេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសផងដែរថា ឲ្យមានចំណាត់ការជាបន្ទាន់ទៅលើអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលបានប្រែក្លាយទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានចេតនារឹបអូសយកដីធ្លី និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ តាមរយៈភាពធូររលុងក្នុងការឲ្យពលរដ្ឋខ្ចីប្រាក់ ដោយមិនពិនិត្យមើលលទ្ធភាពនៃការសង ហើយមិនបានសិក្សាឲ្យបានលម្អិតថា ខ្ចីប្រាក់ទាំងនោះយកមកធ្វើអ្វី ?។លោកថា សូម្បីតែប្រទេសក្រៅ ឲ្យកម្ពុជាខ្ចីលុយក៏គេពិនិត្យមើលថា កម្ពុជាមានលទ្ធភាពសង ឬក៏អត់ ហើយបានសួរថាខ្ចីមកធ្វើអ្វី? ទន្ទឹមនឹងនេះលោកក៏បានរិះគន់ទៅលើទង្វើមេឃុំចេះតែស៊ីញ៉េគាំ ទ្រមីក្រូហិរញ្ញវត្ថុទាំងនោះក្នុងការឲ្យប្រាក់ពលរដ្ឋខ្ចី។ ដំណោះស្រាយចំពោះមុខលោក ហ៊ុន សែន បញ្ជាឲ្យក្រសួងសេដ្ឋកិច្ច និងធនាគារជាតិពិនិត្យមើលបញ្ហាទាំងអស់នេះឡើងវិញ។
សូមបញ្ជាក់ថា សន្និសីទនេះ ធ្វើឡើងក្នុងឱកាសរំលឹកខួប១០ឆ្នាំ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសថា “ឆ្នាំ២០០៦ ជាឆ្នាំមីក្រូហិរញ្ញវត្ថុនៅកម្ពុជា” និងដើម្បីផ្សព្វផ្សាយសមិទ្ធផលដែលសម្រេចបានរយៈពេលកន្លងមក ពិសេសចង់បង្ហាញពីអត្ថប្រយោជន៍ និងតួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុ ដែលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល៕