សំណុំរឿង​យុវជន​ដែល​អំពាវនាវ​ធ្វើ​បដិវត្តន៍​ពណ៌​នឹង​ប្រកាស​សាលក្រម​នា​រសៀល​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សំណុំរឿង​យុវជន គង់ រ៉ៃ​យ៉ា អតីត​និស្សិត​ឆ្នាំ​ទី​១ ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៃ​សាកលវិទ្យាល័យ​ខេមរៈ ដែល​អំពាវនាវ​ឱ្យធ្វើ​បដិវត្តន៍​ពណ៌​នោះ នឹងត្រូវ​ប្រកាស​នៅ​ម៉ោង​២ និង​០០​រសៀល ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​នេះ​។​
​យុវជន​រូបនេះ បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា «​តើ​មាន​អ្នកណា​ហ៊ាន​ធ្វើ​បដិវត្ត​ពណ៌​ជាមួយ​ខ្ញុំ​ទេ​? ថ្ងៃ​ណាមួយ​នៅពេល​ខាងមុខនេះ ខ្ញុំ​នឹងធ្វើ​បដិវត្ត​ពណ៌ ដើម្បី​ផ្លាស់ប្តូរ​របប​មួយ​នេះ​ចេញពី​សង្គម​ខ្មែរ ទោះបីជា​ត្រូវ​ជាប់គុក ឬ​ស្លាប់​ក៏ដោយ ក៏​ខ្ញុំ​ត្រូវតែ​ធ្វើ​ដែរ​»​។​
​យុវជន គង់ រ៉ៃ​យ៉ា ត្រូវបាន​តុលាការ​ឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ល្ងាច​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៥ ក្រោម​ការចោទប្រកាន់​ពីបទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​រូបគេ បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Facebook ដោយ​អំពាវនាវ​ប្រមូលគ្នា​ធ្វើ​បដិវត្ត​ពណ៌​។​
​គួរ​បញ្ជាក់ថា នៅ​ចំពោះមុខ​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លងទៅ​យុវជន គង់ រ៉ៃ​យ៉ា បានទទួល​ស្គាល់​ទោសកំហុស​របស់ខ្លួន​ថា ពិតជា​បាន​អំពាវនាវ​ឲ្យ​ធ្វើ​បដិវត្តន៍​ពណ៌ ប្រឆាំង​រាជរដ្ឋាភិបាល តាម​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook មែន ប៉ុន្តែ​រូបគេ​បានស្នើ​ឲ្យ​តុលាការ បន្ធូរ​បន្ថយទោស​ដល់​រូបគេ​៕

Kong-Raiya