ម៉ាល់ឌីវ៖រដ្ឋាភិបាលប្រទេសម៉ាល់ឌីវ បានសម្តែងក្តីព្រួយបារម្ភជាខ្លាំង គ្រាដែលកំពុងប្រឈមមុខនឹងកំណើនចំនួនប្រជាជនរបស់ខ្លួនដែលបានរត់ទៅចូលរួមប្រយុទ្ធនៅក្នុងអង្គការរដ្ឋអ៊ីស្លាមជីហាត។
រដ្ឋលេខាធិការក្រសួងការបរទេសម៉ាល់ឌីវ លោក Ali Nasser Mohamed បានថ្លែងនៅនាឱកាសសន្និសីទសារព័ត៌មានមួយនៅទីក្រុងញូវដែលីថា ប្រជាជនម៉ាល់ដីវ ប្រមាណជា៤០នាក់ បានរត់ទៅចូលរួមជាមួយក្រុមអង្គការរដ្ឋអ៊ីស្លាមជីហាត។ លោកបញ្ជាក់ថា រដ្ឋាភិបាលម៉ាល់ឌីវ មានក្តីព្រួយបារម្ភមែនទែនពីបញ្ហាសន្តិសុខនៅក្នុងប្រទេសពីព្រោះ ពលរដ្ឋម៉ាល់់ឌីវចំនួន៤០នាក់ហើយ បានរត់ទៅកាន់តំបន់ដើមបូព៌ាដើម្បីចូលរួមក្នុងសង្គ្រាមដ៏អាស្រូវ មួយ។
ចំណែក អតីតប្រធានាធិបតីម៉ាល់ឌីវ លោក Mohamed Nasheed ធ្លាប់បានព្រមានប្រាប់ឲ្យដឹងដែរថា មានពលរដ្ឋម៉ាល់ឌីវជិត២០០នាក់ ប្រហែលជាបានរត់ទៅចូលរួមប្រយុទ្ធជាមួយក្រុមអ៊ីស្លាមជីហាតនៅប្រទេស អ៊ីរ៉ាក់និងស៊ីរី។
គួរបញ្ជាក់ថា ម៉ាល់ឌីវជាកោះតូចមួយមានប្រជាជនរស់នៅចំនួនតែ៣៥ម៉ឺននាក់ប៉ុណ្ណោះ ហើយប្រជាជនភាគច្រើនគឺជាអ្នកកាន់សាសនាអ៊ីស្លាមនិកាយស៊ុយនីត៕