ព្រះវិហារ: ផ្ទះចល័តយ៉ាងតិចចំនួន២ ត្រូវបានកងកំលាំង ប្រដាប់អាវុធកម្ពុជា ឈរជើងនៅការពារ បូរណភាពដែនដី ប្រាសាទព្រះវិហារ ប្រទះឃើញទាហានថៃលួចសង់នៅចំណុច ២ ដាច់ដោយឡែកពីគ្នា គឺមួយនៅជិតទ្វារដែក និងមួយទៀតនៅជិតស្រះត្រាវ មុខប្រាសាទព្រះវិហារ។
ប្រភពព័ត៌មានពី ប្រាសាទព្រះវិហារ បានបញ្ជាក់ថា នៅពេលព្រឹក ព្រលឹមស្រាងៗ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៤ នោះ កំលាំងកម្ពុជា បានសំឡឹងទៅខាងមុខ ប្រាសាទ ព្រះវិហារ ក៏ឃើញផ្ទះចល័តទាំង២នេះ ដែលទាហានថៃ លួចធ្វើជាឯកតោភាគី ដោយមិនឲ្យកម្ពុជា ដឹងឡើយ។
ក្រុមមន្ត្រីកម្ពុជា បានថ្លែងពីប្រាសាទព្រះវិហារ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤នេះថា ផ្ទះចល័តទាំង២ គឺ១ ខ្នង នៅពីមុខទ្វារដែក មានទំហំ៤ ម៉ែត្រកន្លះ គុណនឹង៨ម៉ែត្រ ដោយផ្ទះនេះ ថៃបានប្រក់តង់កៅស៊ូខ្មៅ។ ឯផ្ទះទី២ គឺសង់នៅជាប់មាត់ស្រះត្រាវ មានទំហំ ៤ ម៉ែត្រ គុណនឹង ៦ ម៉ែត្រ ដោយប្រក់តង់កៅស៊ូខ្មៅដូចគ្នា។
ក្រុមមន្ត្រីដដែល បានបញ្ជាក់ថា ចំណុចមុខទ្វារដែក ដែលថៃធ្វើផ្ទះនោះ គឺថៃមិនដែលមក ឈរជើងឡើយ ព្រោះថា វាកៀកនឹងព្រំដែនទ្វារដែកពេក។ ដោយឡែក នៅចំណុចស្រះត្រាវ មុខប្រាសាទព្រះវិហារ គឺទាហានឈុតខ្មៅ បានឈរជើង ប៉ុន្តែនៅចំណុចទាំង២ ភាគីថៃមិនដែល កសាងអ្វីឡើយ មានន័យថា បើថៃធ្វើអ្វីមួយ ត្រូវប្រាប់មកកម្ពុជាយើង ជាមុនសិន ពិតមែនតែតំបន់នោះ ថៃបានឈរជើងក្តី។
អាជ្ញាធរកម្ពុជា បាននិយាយថា ករណីនេះ ភាគីកម្ពុជា បានជួបប្រជុំជាមួយ អាជ្ញាធរថៃ ដើម្បីឲ្យថៃ រុះរើផ្ទះចល័ត នោះចេញ ប៉ុន្តែរហូតមកដល់ ថ្ងៃទី២៤ តុលានេះ គេមិនទាន់ឃើញថៃ រុះរើផ្ទះចេញ នៅឡើយទេ។
សកម្មភាពនេះ គឺជាការរំលោភ កិច្ចព្រមព្រៀងមួយ ដែលធ្វើឡើងពី សំណាក់អាជ្ញាធរថៃ ហើយក៏បានធ្វើឲ្យគេ មើលឃើញថា ថៃកំពុងតែបំពាន សាលដីកាតុលាការអន្តរជាតិ ទីក្រុងឡាអេ ដែលកម្ពុជាប្តឹងឲ្យតុលាការ បកស្រាយសាលក្រម ឆ្នាំ១៩៦២។
តុលាការអន្តរជាតិ បានសំរេចឲ្យ កងកំលាំងប្រដាប់អាវុធ កម្ពុជា-ថៃ ដកចេញពីតំបន់ព្រះវិហារ។ ប៉ុន្តែកម្ពុជាបានអនុវត្តរួចហើយ ដោយដាក់កងនគរបាលជាតិ ឈរជើងនៅតំបន់គ្មានកងទ័ព បណ្តោះអាសន្ន។ ដោយឡែក ផ្ទះ២ខ្នងនេះ កាន់តែខុសទៅទៀត ព្រោះថៃបានធ្វើបំពាន យ៉ាងងងើល ដែលភាគីថៃ បានធ្វើឡើងមិនប្រាប់ ដល់ភាគីកម្ពុជា៕ ប្រភព ៖ CEN
ផ្ទះចល័តដែលថៃកសាងនៅប្រមាណ១០០ម៉ែត្រ ពីមុខទ្វារដែក មុខប្រាសាទ ព្រះវិហារ