ខេត្តកណ្តាល៖នគរបាលស្រុកស្អាងបានឃាត់ខ្លួនស្ត្រីម្នាក់និងរឹបអូសលុយដុល្លារក្លែងក្លាយ(លុយសែន) ចំនួន៥០ម៉ឺនដុល្លារដែលជនសង្ស័យប្រើល្បិចយកទៅឲ្យជនរងគ្រោះជាថ្នូរនឹងការសុំសាហ៊ុយ៤០០០ ដុល្លារត្រឡប់វិញ។ ហេតុការណ៍ឃាត់ខ្លួននេះកើតឡើងកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នៅចំណុច ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទូច ផាន់ ភេទប្រុស អាយុ ៥៥ឆ្នាំ មានមុខរបរ ជាងជួសជុលទូរទស្សន៍ រស់នៅ ភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ ស៊ុន ណារី ភេទស្រី អាយុ៣៨ឆ្នាំ មានមុខរបរ កម្មការិនីរោងចក្រកាត់ដេរ រស់នៅភូមិត្រពាំងរាំង ឃុំស្នោរ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ។
ជនរងគ្រោះបាននិយាយថា មុនពេលកើតហេតុជនរងគ្រោះ បានមកប្តឹងនគរបាល ឲ្យជួយពិនិត្យ ខណដែលជនសង្ស័យ យកហិបលុយមកជាមួយ ពេលនោះនគរបាល បានធ្វើការត្រួតពិនិត្យ ជាមួយជនសង្ស័យ ដោយមានការឯកភាព ពីលោកព្រះរាជអាជ្ញា និងលោកស្នងការរង ផងដែរ ហើយបានរកឃើញលុយចំនួន ៥០ម៉ឺនដុល្លារ ជាលុយក្លែងក្លាយ (លុយសែន) រួចក៏ឃាត់តែម្តង ។
បើយោងចំលើយសារភាពរបស់ជនសង្ស័យនោះ បានសារភាពថា នៅថ្ងៃទី១៤ ខែមីនា ២០១៦ ម៉ោង៩ព្រឹកឈ្មោះ ផល ភេទប្រុស អាយុប្រហែល៤០ឆ្នាំ បានទូរស័ព្ទមកខ្លួន អោយយកលុយ អោយជនរងគ្រោះ ចំនួន៥០ម៉ឺនដុល្លារ។ ពេលនោះក៏បាន ណាត់ជួបគ្នា ទទួលឡាំង ដាក់ក្នុងស្បោងស ពីមនុស្សប្រុសម្នាក់ នៅមុខធនាគារ ANZ ក្រុងតាខ្មៅ ហើយបានប្រាប់ខ្លួនថា យកទៅឲ្យតាមឿន ពេលឲ្យរួចត្រូវ យកលុយពីគាត់ ចំនួន៤០០០ដុល្លារ មកផងបងផលផ្ដាំចឹង រួចក៍ជួលរថយន្តជិះ យកលុយមកកន្លែង ណាត់តែម្ដង។ ជនសង្ស័យបានបន្តថា កន្លងមក ខ្លួនធ្លាប់ទទួលលុយ ពីជនរងគ្រោះ សរុបចំនួន១០៥០០ដុល្លារយកទៅអោយឈ្មោះផល និងឈ្មោះសារឿន ដើម្បីរកស៊ីដោយសន្យាបានចំណេញច្រើនចែកគ្នា៕