តារា​សម្តែង ច​ន ច័ន្ទ​លក្ខិណា ពន្យារ​គម្រោង​រៀបការ​ជាមួយ​អ្នកជំនួញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2016 ក+ ក-

 

1a1aa​ដោ​យ៖រតនៈ​

​ភ្នំពេញ​៖​ដំណឹង​ស្នេហា​រវាង​តារា​សម្តែង​ស្រី ច​ន ច័ន្ទ​លក្ខិណា និង​អ្នកជំនួញ​សម្បូរ​ទ្រព្យ​ម្នាក់​គឺ​លោក ហេង ឡុង នៅ​មិ​ទាន់​ស្ងប់ស្ងាត់​នៅឡើយ​ទេ​។ ដើមឡើយ​នាង និង​គូស្នេហ៍​គ្រោង​រៀបការ​ក្នុង​ឆ្នាំ​២០១៦​នេះ ប៉ុន្តែ​ដោយ​ការ​មមាញឹក​នាង​សម្រេចចិត្ត​លើក​ពេល​ទៅ​ឆ្នាំក្រោយ​វិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​តារា​សម្តែង​ជើងចាស់​ខាងលើ​។

​ដំណឹង​ខ្សឹបខ្សៀវ​ក្នុង​ពិភព​អ្នកសិល្បៈ​បានលើកឡើង​ថា តារា​សម្តែង​ស្រី​រូបនេះ​នឹងមាន​ភ​ព្វ​សំណាង​ទទួលបាន​កាដូ មានតម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​ពី​គូស្នេហ៍​ដើម្បី​សាង​សុភមង្គល​។​ទោះជា​យ៉ាងណា​តារា​ស្រី​វ័យ​៣៦​ឆ្នាំ​រូបនេះ​បញ្ជាក់ថា គម្រោង​រៀបការ​ឆ្នាំនេះ​អាច​នឹង​ពន្យារពេល​ព្រោះតែ​នាង និង​គូស្នេហ៍​មមាញឹក​នឹង​ការងារ​ស្ទើរ​រក​ពេល​សម្រាក​គ្មាន​។ នាង​បញ្ជាក់ថា បច្ចុប្បន្ន​នាង​ខិតខំ​ពង្រឹង​ការងារ​រកស៊ី​ឲ្យ​បាន​ច្រើន​ទាំង​ហាង​កែ​សម្ផស្ស ហាង​ផ្កា​ស្រស់ ការងារ​សម្តែង និង​ពិធីករ​ដូចនេះ​មង្គលការ​នាង​នឹងធ្វើ​ឡើ​នៅ​ឆ្នាំក្រោយ​វិញ​។

​ប្រភព​កៀក​កិត​ជិត​អ្នក​មេម៉ាយ​កូន​មួយ​រូបនេះ​លើកឡើងថា គូស្នេហ៍​នាង​ដែលជា​អ្នកជំនួញ មាន​ទាំង​ចម្ការ​ម្រេច ក្រុមហ៊ុន​ជួល​ដី ក្រុមហ៊ុន​មេធាវី​នោះ​នឹង​ផ្តល់នូវ​ការលើក​មុខមាត់​នាង​យ៉ាង​សម្បើម​ជាមួយនឹង​សម្ភារៈ លំនៅឋាន​មួយចំនួន ដែល​មិន​នឹកស្មាន​ដល់​។

​ផ្ទះ​វីឡា​ប្រណីត​នៅ​តំបន់​ទួលគោក​ដែលមាន​តម្លៃ​ប្រមាណ​៣៥​ម៉ឺន​ដុល្លារ​នឹង​ក្លាយជា ជម្រក​និង​ជា​កម្ម​សិទ្ធ​របស់​តារា​សម្តែង ច​ន ច័ន្ទ​លក្ខិណា ក្រោយពី​រៀបការ​រួច​។ ពិធីមង្គលការ​នាង​នឹងមិន​ហួស​ឆ្នាំក្រោយ​ឡើយ ហើយ​រឿង​គម្រោង​រៀបការ​ផ្គួប​ជាមួយនឹង​ការឡើង​វីឡា​នៅ​តំបន់​ទួលគោក​នោះ​ក៏​មិន​ប្រាកដ​ដែរ​។ នាង​បញ្ជាក់ថា មិនមាន​គម្រោង​រៀបចំ​ពិធីមង្គលការ​ធំដុំ​ខ្លាំង​នោះទេ​គឺ​ចង់​ធ្វើ​បែប​សាមញ្ញ​មួយ​ព្រោះតែ​នាង និង​គូស្នេហ៍​សុទ្ធ​តែមាន​វ័យ​ចំណាស់​រៀងៗ​ខ្លួន​ហើយ​ដែរ ហើយ​នាង​ក៏​គិតថា​ពិបាក​ក្នុងការ​គ្រប់គ្រង​រៀបចំ​ដែរ​គឺ​ចង់ទុក​ពេលវេលា​គិតពី​ការងារ និង​មុខ​ជំនួញ​ឲ្យ​បាន​ច្រើន​ល្អ​ជាង​។ នាង​បន្តថា មង្គល​ការងារ​នឹង​ធ្វើទៅ​តាមបែប​សាមញ្ញ ប៉ុន្តែ​នាង​ចង់​ឲ្យ​អ្នកចូលរួម​ជួបជុំគ្នា​សប្បាយ​ឲ្យ​បាន​ច្រើន ជាង​ការរៀបចំ​ធំដុំ​ដែល​នាំ​ឲ្យ​នាង​ហត់​ច្រើន និង​មិនបាន​សប្បាយ​ជុំគ្នា​នោះ​។

​ប្រភពពី​អ្នកសិល្បៈ​លើកឡើងថា ពេលនេះ ច​ន ច័ន្ទ​លក្ខិណា បាន​ដុតដៃដុតជើង និង​ប្រឹងប្រែង​ក្នុង​អាជីវកម្ម​មួយចំនួន​បន្ថែម​ដូចជា​បើកហាង​លក់ និង​តុបតែង​ផ្កា​ស្រស់ បន្ថែម​លើ​អាជីព​ហាង​ថែរក្សា​សម្រស់​ប្រយោជន៍​កុំ​ឲ្យ​គេ​សម្លឹង​មក​ថា នាង​រង់ចាំ​ពឹង​តែ​កម្លាំង​ញើស​ឈាម​គូស្នេហ៍​នោះ ហើយ​នាង​ក៏​ចង់​ពង្រឹង​ខ្លួន​ឲ្យ​ក្លាយជា​អ្នកជំនួញ​ជោគជ័យ​ដូច​អនាគត​ស្វាមី​ដែរ​៕
1ax11ax2