បញ្ជូន​បុរស​២​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 March, 2016 ក+ ក-

ដោយ​៖​ប៉ែន សុផល​

​បាត់ដំបង​៖​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការ​នៅ​ល្ងាច​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០១៦ នេះ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន បន្ទាប់ពី​សមត្ថកិច្ច​នគ​របាល​ក្រុង​បាត់ដំបង​បាន​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៦ នៅ​ចំណុច​បរិវេណ​ផ្សារ​ទំនើប​ភូ ពុ​យ ស្ថិតក្នុង​ក្រុមទី​២២​ភូមិ​អញ្ចាញ​សង្កាត់​អូរ​ចារ​ក្រុង​បាត់ដំបង​កន្លងទៅ​។​

​លោក ស៊ាន សុ​ណា​ល់ ប្រធានស្តីទី​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៦ នៅ​ចំណុច​បរិវេណ​ផ្សារ​ទំនើប ភូ ពុ​យ ស្ថិតក្នុង​ក្រុមទី​២២ ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង កម្លាំង​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​ក្រុម​បង្ក្រាប​នៃ​ស្នងការ​ខេត្ត បាន​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ក្នុង​បទល្មើស​ជាក់ស្តែង​និង​រឹបអូស​បាន​គ្រឿងញៀន​ម៉ា​ទឹកកក​ចំនួន​៤​ថង់​មាន​ទម្ងន់​ស្មើនឹង​៣៥៣.៧០​ក្រាម ទូរស័ព្ទ​២​គ្រឿង នាំយកមក​ការិយាល័យ​ជំនាញ​ដើម្បី​សាកសួរ​។​
​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មាន​ទី​១​ឈ្មោះ ឯក សុ​វណ្ណា​វង្ស ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ទី​២​ឈ្មោះ ឃិន សុខ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​រកស៊ី​ជួញដូរ​គ្រឿងញៀន​ពិតប្រាកដ​មែន​។​
​មន្ត្រី​ការិយាល័យ​ជំនាញ នៅ​រសៀល​ថ្ងៃទី​១៦​ខែមីនា ឆ្នាំ​២០១៦​នេះ បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ និង​វត្ថុតាង​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕

1aha11aha21aha3