ខេត្តបន្ទាយមានជ័យ៖ស្ត្រីជាជនសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន២នាក់ រួមនិងវត្ថុតាងថ្នាំញៀនចំនួន១៦០គ្រាប់ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការដាក់ទោសតាមផ្លូវច្បាប់។
បើតាមប្រភពព័ត៌មានពីមន្ត្រីអាវុធហត្ថម្នាក់បានឲ្យដឹងថា បន្ទាប់ពីទទួលព័ត៌មានថា មានស្រី២នាក់កំពុងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅចំណុចភូមិវាលហាត់ ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃចុះធ្វើប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់និងដកហូតវត្ថុតាងថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន១៦០គ្រាប់(មួយរយហុកសិបគ្រាប់)និងទូរស័ព្ទដៃចំនួន៤គ្រឿង នៅវេលាម៉ោង១៤និង១៣នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦នៅចំណុចភូមិវាលហាត់ ឃុំម៉ាឡែ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជូនមកបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ។
លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលលើការងារបទល្មើសគ្រឿងញៀនបានអោយដឹងថា ជនសង្ស័យដែលឃាត់នោះ ១/ឈ្មោះ ផៃ ស្រីមុំ ហៅម៉ៅ ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។២/ ឈ្មោះ សយ វី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា។ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ក្រោយពីធ្វើការសាកសួររបស់សមត្ថកិច្ចជំនាញរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានជួញដូរគ្រឿងញៀននេះពិតប្រាកដមែន៕