តួកគី៖ក្នុងយុទ្ធនាការបង្ក្រាប និងស្វែងរកទីតាំងក្រុមឧទ្ទាម PKK នៅទូទាំងទីក្រុងអ៊ីស្ដង់ប៊ុល ប៉ូលិសតួកគីបានឃាត់ និងឃុំខ្លួនជនសង្ស័យ២០នាក់ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងក្រុមឧទ្ទាមខាងលើ ក្នុងនោះមានទាំងមេធាវីជាច្រើននាក់ផងដែរ។ នេះបើតាមការផ្សាយពីទីភ្នាក់ងារសារព័ត៌មានរដ្ឋតួកគីចេញផ្សាយកាលពីម្សិលមិញ។
យុទ្ធការចុះបង្ក្រាប និងឃាត់ខ្លួនធ្វើឡើងបន្ទាប់ពីមានការប្រយុទ្ធគ្នារវាងកងកម្លាំងសន្ដិសុខតួកគី ជាមួយក្រុមសកម្មប្រយុទ្ធPKK បានរីករាលដាលដល់តំបន់ថ្មីទៀតនៅភាគអាគ្នេយ៍ប្រទេសតួកគី។
ប្រភពដដែលបញ្ជាក់ថា យុទ្ធនាការប៉ូលិសប្រឆាំងភេរវកម្ម គាំទ្រដោយឧទ្ធម្ភាគចក្រ បានអនុវត្ដសកម្មភាពខ្លួននៅតាមគោលដៅចំនួន៣២ទូទាំងក្រុងអ៊ីស្ដង់ប៊ុល ហើយក៏បានឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ខាងលើ។ក្រោយឃាត់ខ្លួនប៉ូលិសបានបញ្ជូនពួកគេទៅទីស្នាក់ការប៉ូលិសក្នុងក្រុង។
គួរបញ្ជាក់ថា បន្ទាប់ពីមានហេតុការណ៍បំផ្ទុះគ្រាប់បែកអត្ដឃាតកាលពីថ្ងៃទី១៣មីនា ដែលបានសម្លាប់មនុស្ស៣៧នាក់ក្នុងក្រុងអង់ការ៉ា រថក្រោះ ឧទ្ធម្ភាគចក្រ និងសព្វាវុធផ្សេងៗទៀត បានដាក់ពង្រាយ ដើម្បីការពារសុវត្ថិភាព ហើយក៏មានយុទ្ធនាការចុះឆែកឆេររកក្រុមPKKផងដែរ៕