​រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​នៅ​ព្រឹក​ថ្ងែស្អែក​ទី​២៧
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 August, 2014 ក+ ក-

ភ្នំពេញ​៖ បន្ទាប់ពី​បាន​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​និង​អនុប្រធាន​គណៈកម្មការ​ទី​១,​ទី​២ និង​ទី​៣ នោះ​រួចមក សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាស​ផ្អាក​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​នៅ​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៤​។​ហើយ​កិច្ចប្រជុំ​រដ្ឋសភា នឹង​បន្ត​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៧​សីហា ដើម្បី​បោះឆ្នោត​ជ្រើសតាំង​ជំនួស និង​បំពេញបន្ថែម​សមាជិក​គណៈកម្មការ ៧ ផ្សេងទៀត​។​
​កិច្ចប្រជុំ​រដ្ឋសភា​មួយ​ព្រឹក​នេះ បាន​បោះឆ្នោត​ជ្រើសតាំង​លោក ងួន ញ៉ិល ជា​អនុប្រធាន​ទី​២​រដ្ឋសភា និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ជា​អនុប្រធាន​ទី​១​រដ្ឋសភា នឹង​បោះឆ្នោត​ជ្រើសតាំង​ជំនួស និង​បំពេញបន្ថែម​សមាជិក​គណៈកម្មការ​ចំនួន ៣ ប៉ុណ្ណោះ​។​
​មុនពេល​ប្រកាស​ផ្អាក​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បាន​តម្រូវ​ឲ្យ​សមាជិក​គណៈកម្មការ ចំនួន ៣ ដែល​បាន​ជាប់ឆ្នោត​ហើយ គឺ​សមាជិក​គណៈកម្មការ​ទាំ​ង ៩ រូប ក្នុង​គណៈកម្មការ​និ​មួយៗ ត្រូវ​ជួបប្រជុំ ហើយ​បោះឆ្នោត​ផ្ទៃក្នុង នា​រសៀល​ថ្ងៃ​អង្គារ​នេះ ដើម្បី​ជ្រើសរើស​ប្រធាន អនុប្រធាន និង​លេខាធិការ​នៃ​គណៈកម្មការ​ទាំង ៣ នោះ​។​
​គួរ​បញ្ជាក់ថា ប្រធាន​និង​អនុប្រធាន​គណៈកម្មការ​ទាំង​៣​ខាងលើ ដែល​រដ្ឋសភា​បោះឆ្នោត​ជ្រើស​តាំងនៅ​ប៉ុន្មាន​នាទី​មុននេះ​រួមមាន​៖
– លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​សិទ្ឋិ​មនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត​និង​ទំនាក់ទំនង​ព្រឹ​ទ្ឋ​សភា រដ្ឋសភា (​គណៈកម្មការ​ទី​១) មកពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​។​
– លោក ជៀម យាប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ​និង​សវនកម្ម (​គណៈ កម្ម​ការ​ទី​២ រក្សា​ដដែល ) មកពី​គណបក្ស​ប្រជាជន​កម្ពុជា ។ អនុប្រធាន​គណៈកម្មកា​រ​នេះ គឺ លោក សុន ឆ័យ មកពី​គណបក្ស​សង្គ្រោះ​ជាតិ​។​
– លោក ប៉ុល ហំ​ម ប្រធាន​គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន​និង​ធនធានទឹក ( គណៈ កម្ម​ការ​ទី​៣ ) មកពី​គណបក្ស​សង្គ្រោះ​ជាតិ​។​
​សូម​រម្លឹកថា អ្នកតំណាងរាស្ត្រ ចំនួន ១២២ រូប បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នា​ព្រឹក​ថ្ងៃទី​២៦​សីហា​នេះ ដើម្បី​បោះឆ្នោត​ជ្រើសតាំង​ថ្នាក់ដឹកនាំ​ក្បាលម៉ាស៊ីន​ថ្មី របស់​រដ្ឋសភា​។ នោះ​គឺ​ការបោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ ៤៦ រូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ ជា​អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​ប្រធាន អនុប្រធាន លេខាធិការ និង​សមាជិក​គណៈកម្មការ​ជំនាញ​ទាំង ១០ របស់​រដ្ឋសភា​។​
​បន្ទាប់ពី​ការបោះឆ្នោត​ជ្រើសតាំង​លោក ងួន ញ៉ិល ជា​អនុប្រធាន​ទី​២ រដ្ឋសភា និង​លោក កឹម​សុខា ជា​អនុប្រធាន​ទី​១​រដ្ឋសភា រួចមក កិច្ចប្រជុំ​រដ្ឋសភា បាន​បន្តដំណើរ​ការបោះ​ឆ្នោត​ជ្រើសតាំង​ជំនួស និង​បំពេញបន្ថែម​សមាជិក​គណៈកម្មការ​នា​នា​របស់​រដ្ឋសភា​។ នោះ​គឺ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៤៥ រូប ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​គណៈកម្មការ​ទាំង​១០​។ នីតិវិធី​នៃ​ការបោះឆ្នោត​នោះ បានធ្វើ​ឡើង ១ គណៈកម្មការ​ម្តង​។ ៥ គណៈកម្មការ ដែលមាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ប្រធាន គឺ​គណបក្ស​សង្គ្រោះ​ជាតិ មាន​តំណាងរាស្ត្រ ៥ រូប​។ រីឯ​គណៈកម្មការ ៥ ទៀត ដែលមាន​គណបក្ស​ប្រជាជន​កម្ពុជា ជា​ប្រធាន គឺ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៤ រូប ត្រូវបាន​គេ​បោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​គណៈកម្មការ​។​
​សូមបញ្ជាក់ថា ការបោះឆ្នោត​រុះរើ​ក្បាលម៉ាស៊ីន​រដ្ឋសភា​ថ្មី​នា​ព្រឹក​នេះ បានធ្វើ​ឡើង អនុលោម​តាម​កិច្ចព្រមព្រៀង​បិទ​បញ្ចប់ វិបត្តិ នយោបាយ​របស់​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ នា​វិមាន​ព្រឹទ្ធសភា​៕