រុស្សី៖ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអះអាងថា រដ្ឋាភិបាលក្រុងមូស្គូនៅតែបន្តគាំទ្រដល់រដ្ឋាភិបាលប្រទេសស៊ីរីក្រោមការគ្រប់គ្រងរបស់លោក បាស្ហា អាល់អាសាដ បើទោះបីជារុស្ស៊ីដកទ័ពចេញពីប្រទេសស៊ីរីយ៉ាងណាក៏ដោយ។
លោកពូទីនបញ្ជាក់ថា ការគាំទ្រដល់ស៊ីរីនៅតែមាន គឺមានទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ សព្វាវុធនិងអាវុធយុទ្ធភ័ណ្ឌ គាំទ្រលើការស៊ើបការណ៍សម្ងាត់ និងបុគ្គលិកជំនួយក្នុងការរៀបចំផែនការធ្វើប្រតិបត្ដិការ។លោកសង្កត់ធ្ងន់ថា កងទ័ពដែលនៅសល់ក្នុងប្រទេសស៊ីរី អាចគ្រប់គ្រាន់ក្នុងការអនុវត្ដន៍កាតព្វកិច្ចដែលបានដាក់ឲ្យពួកគេហើយ។ ទន្ទឹមនោះលោកក៏បានសរសើរដល់ទាហានរុស្ស៊ីផងដែរ ដែលបានបើកផ្លូវឈានទៅរកដំណើរការសន្ដិភាព ហើយលោកបានសរសើរដល់ភាគីស៊ីរីមានលោកបាស្ហា អាល់អាសាដជាប្រធានាធិបតី ដែលតែងអត់ធ្មត់ និងព្យាយាមដោយស្មោះត្រង់ ស្វែងរកសន្ដិភាព ព្រមទាំងបានត្រៀមខ្លួនជាស្រេច ដើម្បីសម្របសម្រួលកិច្ចចរចា។
គួរបញ្ជាក់ថា រុស្ស៊ី និងអាមេរិកគឺជាតួអង្គសំខាន់ជាងគេក្នុងការជួយដោះស្រាយជម្លោះរ៉ាំរ៉ៃនៅក្នុងប្រទេសស៊ីរី៕