លោក​បណ្ឌិត ជា ចំរើន ប្រកាស​លាលែង ​ពី​ឆាកនយោបាយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 March, 2016 ក+ ក-

ដោយ៖ខេមរា

​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​ជាថ្មី​ក្នុង​សប្តាហ៍​នេះ ដោយ​លោក​បណ្ឌិត​សាស្ត្រាចារ្យ ជា ចំរើន បាន​សុំលាលែង​តំណែង​ពី​ប្រធាន​គណបក្ស​កម្ពុជា​សេរីភាព ដែល​ទើប​បង្កើត​កាល​ពេល​ថ្មីៗ​នេះ ដោយ​ប្រកាសថា​លោក​នឹង​បញ្ចប់ជីវិត​នយោបាយ​ព្រោះ​ចង់​រស់នៅក្នុង​ឋា​នះ​ជា​ប្រជាពលរដ្ឋ​ធម្មតា​។​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​គណបក្ស​កម្ពុជា​សេរីភាព​។​

ប្រភពពី​មន្ត្រី​គណបក្ស​ដែល​ទើប​បង្កើត​ថ្មី​នេះ​បាន​ឲ្យ​ដឹងថា ការប្រកាស​លាលែង​តំណែង និង​បញ្ចប់ជីវិត​នយោបាយរ​បស់​លោក​បណ្ឌិត ជា ចំរើន នាពេលនេះ គឺ​មិនមែនជា​មូលហេតុ​នយោបាយ​ឡើយ ប៉ុន្តែ​ដោយសារ លោក​ចង់​រស់នៅក្នុង​ជីវ​ភាពជា​ប្រជាពលរដ្ឋ​សាមញ្ញ ព្រោះ​កន្លងមកនេះ​លោក​បាន​លះបង់​កម្លាំងកាយ​ចិត្ត​សព្វបែបយ៉ាង​ក្នុង​ឆាកនយោបាយ ។​

គួរ​បញ្ជាក់ថា លោក ជា ចំរើន អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានដាក់​លិខិត​សុំលាលែង​ពី​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ២០១៥ បន្ទាប់ពី​រួមរស់​ក្នុង​គណបក្ស​នេះ​រយៈពេល​២២​ឆ្នាំ និង​មួយថ្ងៃ​ក្រោយមក​គណបក្ស​ប្រជាជន​កម្ពុជា​បាន​យល់ព្រម​ឲ្យ​ចាកចេញ​តាម​សំណើ ។

​ប្រមាណ​មួយ​សប្តាហ៍​ក្រោយមក គឺ​នៅ​ថ្ងៃទី​២៥ វិច្ឆិកា ២០១៥ លោក​បណ្ឌិត​សាស្ត្រាចារ្យ ជា ចំរើន បានប្រកាស​បង្កើត​គណ​បក្ស​ថ្មី​មួយ​ដោយ​ដាក់ឈ្មោះថា “​គណបក្ស​កម្ពុជា​សេរីភាព​” និង​ក្រោយមក​ត្រូវបាន​ក្រសួងមហាផ្ទៃ​ចុះបញ្ជី​ទទួលស្គាល់​ផ្លូវការ ប៉ុន្តែ​នៅពេលនេះ លោក​បានប្រកាស​បញ្ចប់​ជីវិត​នយោបាយ​របស់លោក​ហើយ ដើម្បី​រស់នៅ​ជា​ប្រជាពលរដ្ឋ​សាមញ្ញ​ធម្មតា ដោយ​មិន​ខ្វល់​ពី​នយោបាយ​ទៀតឡើយ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការផ្លាស់ប្តូរ​ឆ​ន្ទះ និង​បាន​បញ្ឈប់​ហាក់ដូចជា​ប្រញាប់ប្រញាល់​ពេក​ក្នុងការ​ចាកចេញ​ពី​ឆាកនយោបាយ​របស់លោក​៕

1au