ខ្សែភាពយន្ត​២​ប្រកាស​ចេញ​ថត​រួមគ្នា​នឹង​ការសម្ពោធ​ស្ទី​ឌី​យោ​ថត​រឿងបុរាណ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2016 ក+ ក-

​ដោយ​៖​រតនៈ​

​ភ្នំពេញ​៖ ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦​នេះ ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​ភាពយន្ត​បានរៀបចំ​ពិធី​សម្ពោធ​ស្ទី​ឌី​យោ​ថត​ខ្សែភាពយន្ត​បែប​បុរាណ និង​ប្រកាស​ចាប់ផ្តើម​ផលិត​ខ្សែភាពយន្ត​ចំនួន​២​ដំណាលគ្នា​គឺ​រឿង​”​ចាប៉ី​នាគ​ត្រាច់ចរ​” និង​រឿង​”​ស្នេហ៍​បញ្ច្រាសទិស​”​។ កម្មវិធី​នេះ​បានធ្វើ​ឡើង​នៅ​ស្នាក់ការ​ផលិតកម្ម​នា​បុរី​វិមាន​ភ្នំពេញ​ក្រោម​វត្តមាន​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ផលិតករ សិល្បករ​ជាច្រើនរូប​។​

​អ្នកស្រី ថុង ស៊ីវ​ទៀត អគ្គនាយិការ​ផលិតក​ម្ម ចក្រ​វា​ឡ​ពេជ្រ​ភាពយន្ត បាន​បញ្ជាក់ថា ស្ទី​ឌី​យោ​ផលិត​ខ្សែភាពយន្ត​ភាគ​បែប​បុរាណ​នេះ​ស្ថិតក្រោម​ការចំណាយ​ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លារ​ដើម្បី​បម្រើ​ការផលិត​ខ្សែភាពយន្ត​បែប​បុរាណ​ដែល​មិនមាន​ផលិតកម្ម​ច្រើន​ធ្វើ​ការផលិត​។​អ្នកស្រី​បញ្ជាក់ថា ស្ទី​ឌី​យោ​នេះ​នឹង​ជួយ​ជំរុញ​លើកកម្ពស់​ខ្សែភាពយន្ត​ខ្មែ​ឲ្យ​កាន់តែ​រីកចម្រើន​រស់​រវើក​។ អ្នកស្រី​បន្តថា ស្ទី​ឌី​យោ​ដែលមាន​ទំហំ​ធំ​ទូលាយ​នេះ​បំពាក់​ផងដែរ​នូវ​សម្ភារៈ​បម្រើ​ឲ្យ​ការផលិត​ខ្សែភាពយន្ត​បែប​បុរាណ ដែលមាន​ទាំង​ក្រឡាបន្ទំ ទីប្រជុំ​សាវ​នា​ការ​របស់​ព្រះរាជា​ជាដើម​។
​ ​លោក ឆាយ បូរ៉ា ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា បាន​កោតសរសើរ​ចំពោះ​លោកស្រី​អគ្គនាយិកា​ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​ដែល​បាន​ចំណាយ​ទុន​ដ៏​ច្រើនសន្ធឹក​ស​ន្ទា​ប់​សម្រាប់​បង្កើត​ស្ទី​ឌី​យោ​ថត​ខ្សែភាពយន្ត​បែប​បុរាណ រួមទាំង​ការ​ខ្នះខ្នែង​ក្នុងការ​ជំរុញ​ការផលិត​ខ្សែភាពយន្ត​ជា​បន្តបន្ទាប់​ទៀត​។ លោក​បញ្ជាក់ថា ការចំណាយ​ទុន និង​ការខិតខំ​ប្រឹងប្រែង និង​ការ​រូប​រួម​សាមគ្គី​ទាំង​ផលិតករ អ្នកនិពន្ធ និង​សិល្បករ​នៅពេលនេះ​នឹង​ជំរុញ​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​មហាជន ហើយ​លោក​រំពឹង​ដែរ​ថា​ខ្សែភាពយន្ត​ខ្មែរ​នឹង​អាចមាន​ទីផ្សារ​កាន់តែ​ទូលំទូលាយ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ខ្សែភាពយន្ត​បរទេស​៕
​ ​1bc11bc21bc31bc4