ភ្លើង​ឆេះ​ព្រៃ​ក្រោយ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​រាលឆេះ​បំផ្លាញ​កាំភ្លើង​១១​ដើម និង​គ្រាប់​២​ពាន់​គ្រាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 March, 2016 ក+ ក-

​ខេត្តព្រះវិហារ​៖​សេចក្តីរាយការណ៍​ពី​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ បានអោយដឹងថា ដោយសារ អាកាសធាតុ ក្តៅ​ស្ងួត​ខ្លាំង បណ្តាលអោយ​កើតមាន គ្រោះធម្មជាតិ ភ្លើង​ឆេះ​ព្រៃ ក្បែរ​វត្ត កែវ​សិក្ខា​គិរី ស្វា​រៈ ដែល​ទីតាំង​វត្ត​មួយ​នេះ ឆ្ងាយ​ពី​ប្រាង្គ​ប្រាសាទ ព្រះវិហារ ចម្ងាយ​ប្រមាណ​៧០០​ម៉ែត្រ ប៉ុណ្ណោះ​។​
​ហេតុការណ៍​នេះ​កើត​ទ្បើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០ មីនា ឆ្នាំ​២០១៦​ដែលមាន​ចម្ងាយ​ប្រមាណ​១៥០​ម៉ែត្រ​ប៉ុណ្ណោះ​នៅ​ខាងក្រោយ​វត្ត​បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឈរជើង​នៅ​ទីនោះ​។​
​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ប្រចាំការ​នៅ​តំបន់​ប្រាសាទព្រះវិហារ​បានអោយ​ដឹងថា​កាលពី​ថ្ងៃទី​២០​មីនា​២០១៦​អាកាសធាតុ​ក្តៅ​ខ្លាំង​បណ្តាលអោយមាន​ភ្លើង​ឆេះ​ព្រៃ​គុម្ព​ព្រេច​ហើយ​បាន​រាលដាល​ឆេះ​ដល់​ខាងក្រោយ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ​។​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នេះ​មាន​រយះពេល​២​ម៉ោង​ត្រូវបាន​កំលាំង​សមត្ថកិច្ច​នគរបាល​និង​កងទ័ព​ប្រចាំការ​នៅ​ទីនោះ​ប្រមាណ​៦០​នាក់​នាំគ្នា​អន្តរាគមន៍​ដងទឹក​ពន្លត់​រលត់ទៅវិញ​។ វា​ពុំមាន​រងរបួស​ដល់​ម​នុស្ស​ណា​ម្នាក់​នៅក្បែរៗ​នោះទេ​។​
​លទ្ធផល​ភ្លើង​ឆេះ​ព្រៃ​ខាងលើនេះ​បាន​បន្សល់ទុក​នូវ​ការខាតបង់់​មួយចំនួន​គឺ​ឆេះ​អាវុធ​អស់​ចំនួន​១១​ដើម​និង​ក្បាល​គ្រាប់​ប្រមាណ​២​ពាន់​គ្រាប់​ដែល​អាជ្ញាធរ​បាន​រក្សាទុក​ក្នុង​ខ្ទម​ធ្វើ​ពី​ឈើ​ប្រក់​ស្លឹក​។​ហេតុការណ៍​នេះ​សំណាងល្អ​ហើយ​ដែល​ក្បាល​គ្រាប់​មិន​ផ្ទុះ​ទៅ​ត្រូវចំ​ភ្ញៀវ​ទេសចរណ៍​ដែល​កំពុងធ្វើដំណើរ​តាមផ្លូវ​ក្បែរ​វត្ត​ឆ្ពោះទៅកាន់​ប្រាង្គ​ប្រាសាទព្រះវិហារ​នោះ​។​
​រហូតមកដល់​ថ្ងៃទី​២១ មីនា​នេះ​មិនទាន់មាន​សេចក្តីថ្លែងការណ៍​បំភ្លឺ​ណាមួយ​ពី​អាជ្ញាធរ​កងកំលាំង​និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ​នៅ​ទ្បើ​យ​ទេ​ចំពោះ​ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​នៅក្បែរ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈហើយ​ចៃដន្យ​អាក្រក់​វា​បាន​រាលដាល​ទៅ​ឆេះ​អាវុធ និង​គ្រាប់រំសេវ​នៅក្បែរនោះ​ថែមទៀត​។ អ្នកសារព័ត៌មាន​ហៅ​ទូរស័ព្ទ​ទៅកាន់​មន្ដ្រី​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ចូល​ហើយ​ប៉ុន្តែ​មិនមាន​អ្នក​លើក​ទទួល​៕

k2