ខេត្តប៉ៃលិន៖មានការភ្ញាក់ផ្អើលដោយប្រទះឃើញសពស្ត្រីម្នាក់ត្រូវភ្លើងឆេះខ្លោចពេញខ្លួន ស្ទើរមើលមិនយល់នៅក្នុងចំការតាង៉ែនរបស់ខ្លួន សង្ស័យទៅពន្លត់ភ្លើងឆេះព្រៃ ហើយទាក់វ័ល្លិដួលងើបមិនរួចក៍ត្រូវភ្លើងឆេះតែម្តង។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅចំណុចបន្ទាយទាហានវរៈសេនាតូច៥០៧ ព្រំដែនកម្ពុជា ថៃ ស្ថិតនៅភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន។
ប្រភពពីលោក ជ ម៉ាញ នាយប៉ុស្តិ៍នគរបាលបរយ៉ាខាបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណឹប លាង ភេទស្រី អាយុ៣៥ឆ្នាំ ជាចុងភៅនៅបន្ទាយទាហ៊ានខាងលើ និងមានប្តីជាទាហាន ឈ្មោះ ឈឺ ធី អាយុ៣៦ឆ្នាំ អ្នកទាំងពីរនៅបន្ទាយទាហសនខាងលើ។
ប្រភពបានបន្តទៀតថា ដោយប៉ុន្មានថ្ងៃនេះ មានភ្លើងឆេះព្រៃជាញឹកញាប់លុះព្រឹកថ្ងៃទី២១ ខែមីនា ភ្លើងក៏បន្តឆេះនៅលើភ្នំក្បែរចំការតាង៉ែនរបស់ជនរងគ្រោះ ពេលនោះទាំងពីរនាក់ប្តីប្រពន្ធបាននាំគ្នាទៅពន្លត់ភ្លើងដែររួចក៏នាំគ្នាមកផ្ទះ លុះពេលរសៀលក្នុងថ្ងៃដដែល ពេលប្តីមិននៅដោយរវល់ទៅផ្សារប៉ៃលិន ប្រពន្ធក៏បានឃើញភ្លើងកំពុងបន្តឆេះព្រៃរាលដាលជិតដល់ចំការរបស់ខ្លួនជនរងគ្រោះក៏បានរត់ទៅតែម្នាក់ឯង ដើម្បីពន្លត់ភ្លើងនេះតែជាអកុសលក៏បានស្លាប់នៅក្នុងភ្លើងព្រៃនេះតែម្តង។
ចំណែកលោក ឈឺ ធី ជាប្តីជនរងគ្រោះ និងជាមន្ត្រីយោធានៅបន្ទាយវរៈសេនាតូច៥០៧ បានប្រាប់ថា គាត់មិនបានដឹងថាប្រពន្ធរបស់គាត់ទៅទីនោះឡើយពេលមកដល់បន្ទាយវិញ នៅពេលល្ងាចអត់ឃើញប្រពន្ធគាត់សួរគេគ្មានអ្នកណាដឹងថាទៅណាទេ លុះព្រឹកឡើងក៏បានឮដំណឹងថាប្រពន្ធរបស់គាត់ត្រូវភ្លើងព្រៃឆេះស្លាប់ហើយ។ បច្ចុប្បន្នសពក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចក៍បានប្រគល់ឲ្យខាងសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕