ប៊ែលហ្សិក៖ប៉ូលិសបែលហ្ស៊ិកបានបង្ហាញរូបភាពជាសាធារណៈនៃជនសង្ស័យដែលកំពុងតាមចាប់ខ្លួន និងបានសួរទៅសាធារណជនដែលស្គាល់ ដើម្បីឈានទៅដល់ការចាប់ខ្លួនពាក់ព័ន្ធការបំផ្ទុះគ្រាប់បែក នៅអាកាសយានដ្ឋានអន្ដរជាតិ និងនៅស្ថានីយរថភ្លើងក្នុងក្រុងព្រុចសែល។
បើតាមសហព័ន្ធព្រះរាជអាជ្ញាបាននិយាយថា មានបុរសម្នាក់ក្នុងចំណោមមនុស្សបីនាក់ស្លៀកពាក់ជាជនស៊ីវិលធម្មតា បានរុញវ៉ាលីដាក់លើរទេះចូលទៅក្នុងអាកាសយានដ្ឋាន។ដោយឡែកជនសង្ស័យពីរនាក់ផ្សេងទៀត ប្រហែលជាធ្វើសកម្មភាពបំផ្ទុះគ្រាប់បែកអត្ដឃាតបាត់ទៅហើយ នៅសល់តែម្នាក់ប៉ុណ្ណោះដែលកំពុងគេចខ្លួន ហើយត្រូវប៉ូលិសតាមចាប់។
បើតាមរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបែលហ្ស៊ិកបាននិយាយថា ជនសង្ស័យដែលកំពុងរត់គេចខ្លួននោះ បានទុកគ្រាប់បែកនៅអាកាសយានដ្ឋាន ប៉ុន្ដែសំណាងល្អដែលវាមិនផ្ទុះ។រីឯអ្នកបើករថយន្ដឈ្នួលដឹកជនសង្ស័យទាំងបីនាក់វិញ បានប្រាប់ក្រុមស៊ើបអង្កេតថា រូបគេបានទៅយកជនសង្ស័យទាំងបីនាក់នៅទីតាំងមួយ។ ចំណែកវ៉ាលីដែលពួកគេយកចេញពីរថយន្ដ មិនបានយកចូលក្នុងអាកាសយានដ្ឋានទាំងអស់ទេ គឺទុកនៅខាងក្រៅអគារខ្លះ ហើយក្រោយមកក៏ត្រូវគេឆែកឃើញ។នោះហើយគឺជាគ្រាប់បែកដែលត្រូវរកឃើញនៅក្បែរអគារ។ចំពោះហេតុការណ៍ដែលកើតឡើងនៅស្ថានីយ៍រថភ្លើងវិញ ប៉ូលិសមិនទាន់បានបង្ហាញពីការធ្វើសកម្មភាពនៅឡើយទេ។
គួរបញ្ជាក់ថា ហេតុការណ៍បំផ្ទុះគ្រាប់បែកទាំងពីរទីតាំងក្នុងក្រុងព្រុចសែលប្រទេសបែលហ្ស៊ិក កើតឡើងនៅព្រឹកថ្ងៃទី២២មីនា បានសម្លាប់មនុស្សជាង៣០នាក់ និងអ្នករបួសកើនដល់ជាង២០០នាក់ហើយ៕