រាជធានីភ្នំពេញ៖ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានប្រកាសនៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២៤ ខែមីនានេះថា អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចទទួលយកពាក្យបណ្តឹងក្រុមនិស្សិត ដើម្បីបើកការស៊ើបអង្កេតលើកញ្ចប់ទ្រព្យសម្បត្តិលោក កឹម សុខា។
ការប្រកាសបែបនេះបន្ទាប់ពីបានរកឃើញថា សំឡេងនៅក្នុងខ្សែអាត់ដែលបែកធ្លាយ គឺជាសំឡេងលោក កឹម សុខា និង ស្រីមុំ ដោយលោកអះអាងថា ទាំងក្នុងសំឡេងខ្សែអាត់ និងសំឡេងខាងក្រៅជាមនុស្សតែមួយ។
ទន្ទឹមនោះលោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការសម្រេចបើកការស៊ើបអង្កេតលើកញ្ចប់ទ្រព្យសម្បត្តិលោក កឹម សុខា គឺដើម្បីស្វែងរកថា តើលោក កឹម សុខា ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយឬទេ ដូចឮក្នុងខ្សែអាត់សំឡេង។ លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា លោក កឹម សុខា បានប្រកាសទ្រព្យសម្បតិ្តចំនួន៣ដង លើកទី១នៅឆ្នាំ២០១១ លើកទី២ ឆ្នាំ២០១៣ និងលើកទី៣នៅឆ្នាំ២០១៥ ប៉ុន្តែលោក កឹម សុខា បានចូលខ្លួនមកប្រកាសតាមការកំណត់របស់ច្បាប់មិនខុសនីតិវិធីនោះទេ៕